(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា ប្រាក់បៀវត្សរ៍មន្រ្តីរាជរដ្ឋាភិបាលក្នុងមុខតំណែងសម្រាប់ឆ្នាំ២០១៧ នឹងត្រូវបានតម្លើងប្រហាក់ប្រហែលទ្វេដង នេះបើយោងតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិច។

លោក ផៃ ស៊ីផាន បានបញ្ជាក់ឲ្យដឹងថា ការប្រកាសឲ្យដឹងរបស់សម្តេចតេជោអំពីការតម្លើងប្រាក់ខែនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។ប

លោក ផៃ ស៊ីផាន់ បានបញ្ជាក់ឲ្យដឹងច្បាស់ទៀតថា ការតំឡើងប្រាក់ខែនេះ សម្រាប់តែមន្ត្រីរាជរដ្ឋាភិបាលក្នុងតំណែងតែប៉ុណ្ណោះ មិនមែនសម្រាប់មន្ត្រីរាជការទូទៅនោះទេ។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា របៀបវារៈសម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាព្រឹកថ្ងៃសុក្រនេះរួមមាន៖
១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។ និងបញ្ហាផ្សេងៗមួយចំនួនទៀត៕