(ភ្នំពេញ)៖ នៅមុននេះបន្តិចនាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ សាលារាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងដល់គណបក្សសង្គ្រោះជាតិឲ្យដឹងថា ការរៀបចំកម្មវិធីជួបជុំអបអរសាទរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្តិភាព ទីក្រុងប៉ារីស ថ្ងៃទី២៣ ខែតុលាខាងមុខនេះ សាលារាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យនៅទីលានប្រជាធិបតេយ្យនោះទេ ដោយឲ្យរៀបចំនៅទីស្នាក់ការគណបក្ស ឬទីតាំងឯកជនសមរម្យណាមួយវិញ។
សាលារាជធានីភ្នំពេញ បានបន្ថែមថា ចំពោះការជូនដំណឹងប្រារព្ធពិធីអបអរសាទរខួបលើកទី២៥ នៃកិច្ចព្រមព្រៀងសន្ដិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ នៅទីលានប្រជាធិបតេយ្យ របស់តំណាងក្រុមអ្នកតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិនោះ រដ្ឋបាលរាជធានីភ្នំពេញយល់ឃើញថា ខ្លឹមសារនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ត្រូវបានសភាធម្មនុញ្ញរៀបចំជាធាតុផ្សំចូលក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងបានប្រកាសឲ្យប្រើប្រាស់ចាប់តាំងពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ននេះ។
អាជ្ញាធរបានបន្ថែមទៀតថា ចំពោះការប្រមូលផ្ដុំជួបជុំ ដើម្បីសម្ដែងមតិរបស់ប្រជាពលរដ្ឋសម្រាប់ខួបលើកទី២៥ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ រដ្ឋបាលរាជធានីភ្នំពេញ យល់ឃើញថា ជាប្រធានបទមិនសមស្របទៀតទេ ដូចនេះស្នើតំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ គួរបានប្រារព្ធពិធីខាងលើ នៅទីស្នាក់ការគណបក្សរបស់ខ្លួន ឬទីតាំងឯកជនសមស្របណាមួយវិញ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់សាលារាជធានីភ្នំពេញ៖