(ព្រះវិហារ)៖ ផ្លូវក្រាលក្រួសក្រហមចំនួន២ខ្សែ ប្រវែង៧.១១គីឡូម៉ែត្រ ស្ថិតក្នុងភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ខេត្តព្រះវិហារ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមវត្តមានលោក ទិត្យ សុផា អគ្គធិការរង និងជាប្រធានគម្រោង តំណាងលោក បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ព្រមទាំងអាជ្ញាធរភូមិខ្យង ឃុំខ្យង អាជ្ញាធរស្រុកជ័យសែន និងប្រជាពលរដ្ឋជាច្រើនរូបទៀត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

នៅក្នុងឱកាសនោះ លោក ទិត្យ សុផា បានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំក្រសួងទាំងអស់ ពិសសពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅទីជនបទគ្រប់ពេលវេលា។

លោក ទិត្យ សុផា បានថ្លែងលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងយកចិត្តទុកដាក់លើការសម្រេចឲ្យបានតាមចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ គឺ១៖ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ២៖ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ៣៖ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង៤៖ការពង្រឹងស្ថាប័នអភិវឌ្ឍន៍សមត្ថភាព និងធនធានមនុស្ស ក្នុងគោលបំណងបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទ។

លោកបានថ្លែងបញ្ជាក់ទៀតថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងជួសជុលកែលម្អផ្លូវប្រវែង១១៤គីឡូម៉ែត្រ ក្នុងខេត្តចំនួន៦ ក្នុងនោះខេត្តព្រះវិហារ គម្រោងបាននិងកំពុងជួសជុល កែលម្អជូនសហគមន៍កសិកម្មចំនួន៥គឺ សហគមន៍កសិកម្មរមទមសាមគ្គីមានជ័យ បានជួសជុលកែលម្អផ្លូវប្រវែង៦.២៧គីឡូម៉ែត្រ រួចរាល់៩៩%, សហគមន៍កសិកម្មសាមគ្គីភ្នំពេជ្របុរី បានជួសជុលកែលម្អផ្លូវប្រវែង៥.៤៧គីឡូម៉ែត្រ រួចរាល់៥០%, សហគមន៍កសិកម្មលើកកម្ពស់កសិករ បានជួសជុលកែលម្អផ្លូវប្រវែង៨.០៩គីឡូម៉ែត្រ រួចរាល់៥០% និងសហគមន៍កសិកម្មស្ត្រីរតនៈ ដែលកំពុងធ្វើពិធីបើកការដ្ឋាននាពេលនេះ មានចំនួន២ខ្សែ ប្រវែងសរុប៧.១១គីឡូម៉ែត្រ។

លោក ទិត្យ សុផា បានថ្លែងបញ្ជាក់ទៀតថា ចំពោះសហគមន៍តស៊ូសែនជ័យ មានគម្រោងជួសជុលកែលម្អផ្លូវប្រវែង៥គីឡូម៉ែត្រ ប៉ុន្តែមិនទាន់បានអនុវត្តនៅឡើយទេ ដោយកំពុងដោះស្រាយជាមួយមន្ទីរបរិស្ថានខេត្ត ពាក់ព័ន្ធផ្លូវនោះស្ថិតក្នុងផែនទីតំបន់ការពារសត្វព្រៃ-ព្រៃឡង់ ដោយស្នើឲ្យភាគីពាក់ព័ន្ធអាជ្ញាធរខេត្ត ជួយដោះស្រាយបញ្ហានេះឲ្យបានឆាប់ ដើម្បីអាចដំណើរការសាងសង់បាន។

លោកបានអំពាវនាវគ្រប់ភាគីពាក់ព័ន្ធ ពិសេសអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលកំពុងរស់នៅតាមអមសងខាងផ្លូវ មេត្តាចូលរួមសហការឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីជំរុញឲ្យដំណើរការអនុវត្តគម្រោងនេះ ទទួលបានជោគជ័យតាមផែនការ និងសុំការអធ្យាស្រ័យយោគយល់ពីប្រជាពលរដ្ឋ ដែលកំពុងរស់នៅក្នុងតំបន់អភិវឌ្ឍន៍គម្រោង នូវរាល់ការរំខាន និងរាល់ការប៉ះពាល់ផ្សេងៗ ក្នុងអំឡុងពេលនៃការអនុវត្តការងារ។

លោកសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមថែរក្សានូវសមិទ្ធផលទាំងឡាយ ដែលបានកសាងកន្លងមក ពិសេសសមិទ្ធិផលថ្មីនេះ បន្ទាប់ពីបញ្ចប់គម្រោង សំដៅធានាឲ្យការប្រើប្រាស់បានយូរអង្វែង ជាមួយនឹងការចែកក្រម៉ាដែលជាអំណោយរបស់លោក ឆាយ ឫទ្ធិសែន ជូនប្រជាពលរដ្ឋចំនួន១៤៧នាក់ ដោយម្នាក់ៗទទួលបានក្រម៉ា១ ទុកជាអនុស្សាវរីយ៍។

ដោយឡែកលោក ម៉ប់ ធិរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា សម្រាប់ខេត្តព្រះវិហារ ក្នុងឆ្នាំ២០២៤-២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទបានកសាងផ្លូវកៅស៊ូ និងផ្លូវបេតុង ប្រមាណប្រវែង១១០គីឡូម៉ែត្រ ស្ពានលូ ចំនួន១០៨កន្លែង ប្រវែងជាង២២៣០ម៉ែត្រ ដែលអនុវត្តលើស្រុក៤ នៃខេត្តព្រះវិហារ រួមមានស្រុករវៀង ស្រុកជ័យសែន ស្រុកសង្គមថ្មី និងស្រុកគូលែន៕