(តាកែវ)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ខេត្តតាកែវ បានចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅភូមិកំពង់ទ្រា ឃុំទ្រា ស្រុកសំរោង។ ការចាប់ខ្លួននេះដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ។
លោកវរសេនីយ៍ឯក ភី ឆុន អធិការនគរបាលស្រុកសំរោង បានឲ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២២ ខែមករា ដោយកម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទ្រា។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ចាន់ ចិត្រា អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវែង ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន២៤កញ្ចប់, ម៉ូតូ១គ្រឿង និងទូរស័ព្ទ១គ្រឿង។ បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការតាមនីតិវីធី៕