(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកត់សម្គាល់ថា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦.៧លាននាក់ កើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ១៩ទៅទៀត ពោលគឺកើនឡើង១.៤% បើធៀបជាមួយឆ្នាំ២០១៩ (៦.៦លាននាក់) ចំណែកឯភ្ញៀវទេសចរ​ជាតិមានប្រមាណ២២លាននាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានដដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួងទេសចរណ៍ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោកឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសម្តេចធិបតីចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។

បើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៉ីវិល ក្នុងឆ្នាំ២០២៤ដូចគ្នា កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចំនួន៦,២៤១,៨៤២នាក់ កើនឡើងជាង២២% បើធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ និងទទួលបានជើងហោះហើរសរុបចំនួន៥៨,៣៥៤ជើង កើនឡើងជាង១៤% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា។

វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ជាវិស័យអាទិភាព ដែលបានចូលរួមដោយផ្ទាល់ក្នុងចំណូលសេដ្ឋកិច្ចជាតិ និងបានបង្កើតឱកាសការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋផងដែរ៕