(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ នៅស្ថានទូតចិនប្រចាំកម្ពុជា លោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគមសិស្ស-និស្សិតអាហារូបករណ៍ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) ដឹកនាំគណៈប្រតិភូចូលជួបសម្តែងការគួរសម លោក Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា និងជូនពរសាទរឆ្នាំថ្មី ប្រពៃណីជនជាតិចិន។

ក្នុងឱកាសនោះ លោក ឡាវ វ៉ាន់ បាននាំការផ្តាំផ្ញើការសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពីសំណាក់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត និងនាំការថ្លែងអំណរគុណជូន ចំពោះស្ថានទូតចិនប្រចាំកម្ពុជា ដែលបានផ្តល់អាហារូបករណ៍រដ្ឋាភិបាលចិន ជូនដល់គណៈកម្មាធិការអាហារូបករណ៍នាពេលកន្លងមក។

លោក ឡាវ វ៉ាន់ បានរំលេចពីសមិទ្ធផលរយៈពេលពេញ១ឆ្នាំ២០២៤ របស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍ និងជាប្រធានសមាគម អ.ម.ត និងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថានទូតចិនប្រចាំកម្ពុជា ក្នុងការបង្កើនបរិមាណពង្រឹងគុណភាព ដល់សិស្ស-និស្សិតកម្ពុជាទទួលបានឱកាសកាន់តែច្រើនពីរដ្ឋាភិបាលចិន។

បន្ថែមពីលើបរិមាណនិស្សិតកម្ពុជាចំនួន១៦៧នាក់ ដែលបាននិងកំពុងបន្តការសិក្សានៅប្រទេសចិន ក៏ដូចជាសិស្ស-និស្សិតកម្ពុជា ប្រមាណចំនួន៨០នាក់ ដែលកំពុងត្រៀមខ្លួនទៅបន្តការសិក្សានៅប្រទេសចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ផងដែរ។

លោក Wang Wenbin បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកំណើនមូលធនមនុស្សរបស់កម្ពុជា។ បន្ថែមពីនេះ ឯកអគ្គរដ្ឋទូត ក៏បានបង្ហាញនូវឆន្ទៈបន្តគាំទ្រយ៉ាងពេញទំហឹង ដល់បេសកកម្មរបស់គណៈកម្មាធិការអាហារូបករណ៍ និងសមាគម អ.ម.ត៕

https://image.freshnewsasia.com/2021/id-025/fn-2025-01-24-17-18-09-0.png