(ស្វាយរៀង)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងសាកលវិទ្យាល័យស្វាយរៀង នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ បានសហការគ្នារៀបចំសិក្ខាសាលាស្ដីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍវិស័យបរធនបាលកិច្ចនៅកម្ពុជា ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃនិយ័តករបរធនបាលកិច្ច និងលោកសាស្រ្តាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង នៅសាកលវិទ្យាល័យស្វាយរៀង។

សិក្ខាសាលានេះត្រូវបានរៀបចំឡើងក្នុងគោលដៅបញ្ជ្រាបការយល់ដឹងជាសាធារណៈឱ្យបានកាន់តែទូលំទូលាយ និងស៊ីជម្រៅសម្រាប់និស្សិតនៅសាកលវិទ្យាល័យអំពីយន្តការប្រតិបត្តិការបរធនបាលកិច្ច បទដ្ឋានគតិយុត្តពាក់ព័ន្ធ គុណប្រយោជន៍នៃវិស័យបរធនបាលកិច្ច។

សិក្ខាសាលានេះក៏បានផ្ដល់ឱកាសដល់និស្សិត ដើម្បីបង្កើនចំណេះដឹងបន្ថែមពាក់ព័ន្ធវិស័យហិរញ្ញវត្ថុមិនមែនធនាគារផងដែរ។ កម្មវិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃ ន.ប.ធ. និងមន្ត្រីជំនាញ សាស្រ្តាចារ្យ និងនិស្សិតនៃសាកលវិទ្យាល័យស្វាយរៀងចំនួនប្រមាណ៣០០រូប៕