(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ពិសេសរដ្ឋបាលរាជធានី-ខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវបន្ដវិធានការម៉ឺងមាត់ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា ពិសេសក្មេងទំនើង ល្បែងស៉ីសងគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព។

ក្នុងសេចក្ដីប្រកាសព័ត៌មានលទ្ធផលនៃកិច្ចប្រជុំពេញអង្គ បានឲ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួងមហាផ្ទៃ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» នាពេលកន្លងមក។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ទោះបីជាបានសម្រេចនូវវឌ្ឍនភាពល្អប្រសើរជាច្រើនក៏ដោយ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្ដលើការងារនេះឲ្យមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ដោយមិនត្រឹមតែអនុវត្តច្បាប់ទេ តែក៏ត្រូវប្រកាន់យកវិធានការអប់រំឲ្យបានច្រើន ដើម្បីបង្ការកុំឲ្យកើតមានបញ្ហាក្មេងទំនើង និងបញ្ហាផ្សេងទៀត។

លើសពីនេះ សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ដ្រី ក៏បានក្រើនរំលឹកដល់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានតាមរាជធានី ខេត្ត ពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ជាពិសេសការរៀបចំវេទិកាសាធារណៈនៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីស្វែងយល់ពីតម្រូវការ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋផង និងដើម្បីផ្សព្វផ្សាយពីគោលនយោបាយរបស់រាជរដ្ឋាភិបាលផង៕