(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្រ្តីជំនាញនៃមន្ទីរអង្គភាពពាក់ព័ន្ធចុះជួបសំណេះសំណាលសួរសុខទុក្ខប្រជាកសិករ ដែលកំពុងបង្កបង្កើនផលស្រូវប្រាំង នៅតំបន់តេជោ សែន អូរតាគី ឃុំអូរតាគី ស្រុកថ្មគោល និងចុះត្រួតពិនិត្យស្ថានភាពទឹកនៅក្នុងភូមិសាស្ត្រសំណង់ស្ទាក់ទឹកបវេល ឃុំបួវិល ស្រុកបវេល និងសំណង់ស្ទាក់ទឹកតាហែន ឃុំក្ដុលតាហែន ស្រុកបវេល។
ជាមួយគ្នានោះ លោកអភិបាលខេត្ត បានបន្តចុះពិនិត្យស្រូវប្រាំងកំពុងខ្វះខាតទឹកមួយចំនួន ស្ថិតនៅភូមិសៀម ឃុំអំពិលប្រាំដើម ស្រុកបវេល ព្រមទាំងបន្តចុះពិនិត្យការងារបង្កបង្កើនផល និងស្ថានភាពទឹកនៃប្រព័ន្ធធារាសាស្រ្តអាងកំពីងពួយក្នុងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
លោក សុខ លូ ថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់អស់លទ្ធភាពក្នុងការដោះស្រាយបញ្ហាប្រឈ មខ្វះខាតទឹកដល់ប្រជាកសិករ។ លោកបានណែនាំឱ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធ ខិតខំរកដំណោះស្រាយទឹកជួយសង្គ្រោះដំណាំស្រូវរបស់ប្រជាកសិករឱ្យអស់លទ្ធភាព ប៉ុន្តែ ត្រូវគិតគូរចាំបាច់បំផុតលើការរក្សាទឹកទុកសម្រាប់សត្វពាហនៈ និងមនុស្សព្រោះរដូវប្រាំងឆ្នាំនេះអាចអូសបន្លាយរយៈពេលវែង។
បើតាមលោក ឈឹម វជិរា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ឱ្យដឹងថា តំបន់ផលិតស្រូវប្រាំងអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបងក្នុងផែនការដាំដុះ ៨០០ហិកតា ប៉ុន្តែការដាំដុះជាក់ស្ដែង ជាង២,០០០ហិកតា។
នៅ២សប្តាហ៍មុនស្រែនៅតំបន់នេះមានបញ្ហាប្រឈមខ្វះខាតទឹកក្នុងដំណាក់កាលស្រូវចេញផ្កា។ ប៉ុន្តែ ដោយមានសំណូមពរពីប្រជាពលរដ្ឋធ្វើស្រែប្រាំងនៅតំបន់នោះ និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក សុខ លូ អភិបាលខេត្ត បានណែនាំឱ្យមន្ទីរជំនាញធនធានទឹកធ្វើការស្តារប្រឡាយ និងបើកទឹកពីអាងកំពីងពួយមកសង្គ្រោះជាបន្ទាន់ហើយបច្ចុប្បន្នតំបន់នេះត្រូវបានសង្គ្រោះទាំងស្រុង និងស្រូវរយៈ៣-៤ថ្ងៃទៀតនឹងអាចច្រូតកាត់បានបណ្តើរៗ។
លោក ឈឹម វជិរា បានបញ្ជាក់ថា នៅដើមឆ្នាំ២០២៥នេះការផលិតស្រូវប្រាំងរបស់ប្រជាកសិករនៅទូទាំងខេត្តបាត់ដំបង ជាង៩ម៉ឺនហិកតា ស្មើនឹង ៣៣៥ភាគរយ លើសផែនការដាំដុះជិត៣ម៉ឺនហិកតា ទើបធ្វើឱ្យមានការខ្វះទឹកតំបន់មួយចំនួន៕