(ម៉ាឡាកា)៖ ប្រសិនបើនិយាយពីប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា យើងតែងនឹកដល់ព្រះបាទហ៊ុនទៀន និងព្រះនាងលីវយី ឬព្រះបាទកៅណ្ឌិន្យ និងព្រះនាងសោមា តែប្រសិនបើនិយាយពីប្រវត្តិសាស្ត្រដំបូងរបស់ម៉ាឡេស៉ី គេតែងនឹកដល់ព្រះបាទបរមេស្វរៈ (Parameswara) ដែលជាព្រះស្ថាបនិករាជាណាចក្រមលក្កា ឬម៉ាឡាការបស់ប្រទេសម៉ាឡេស៉ី។ រដ្ឋមលក្កា (Malacca) ជាបឋមាណាចក្ររបស់ប្រទេសម៉ាឡេស៉ី ដោយបច្ចុប្បន្នជារដ្ឋធំមួយ ក្នុងចំណោមរដ្ឋតូចធំទាំង១៣ របស់សហព័ន្ធម៉ាឡេស៉ី។

នៅសាលមហោស្រព Encore Melaka ក៏ជាទីកន្លែងមួយក្នុងចំណោមទីកន្លែងនានា ដែលបង្ហាញពីប្រវត្តិសាស្ត្ររបស់រដ្ឋម៉ាឡាកា បូករួមទាំងវប្បធម៌ ប្រពៃណី និងការវិវត្តសង្គមនៅលើទឹកដីនេះផងដែរ។ ការរៀបរាប់បង្ហាញនៅក្នុងមហោស្រពដ៏ទំនើបនេះ គឺពោរពេញដោយអត្ថន័យ ចំណេះដឹង និងភាពទាក់ទាញ រួមជាមួយបច្ចេកទេសត្រីមាត្រ (3D) ដ៏ទំនើប និងការសម្ដែងរបស់សិល្បករដ៏មានជំនាញ។ Encore Melaka គឺជាសាលមហោស្រពដ៏ល្បីល្បាញមួយនៅទីក្រុងម៉ាឡាកា (Melaka city) ដែលមានផ្ទាំងទស្សនីយភាពជារង្វង់៣៦០ដឺក្រេ បង្កើតបាននូវបទពិសោធន៍ដ៏អស្ចារ្យជូនទស្សនិកជន។ ចំពោះវីដេអូត្រីមាត្រ និងការសម្ដែងនៅសាលមហោស្រព Encore Melaka នេះ គឺមានរយៈពេល៧០នាទី ដែលពោរពេញដោយការចាប់អារម្មណ៍ អមដោយពំនោលជា៣ភាសា (ម៉ាឡេ ចិន និងអង់គ្លេស) រីឯសំឡេងភ្លេងអម (Sound background) ក៏ពីរោះរណ្ដំនិងស៉ីចង្វាក់ទៅតាមសាច់រឿង។

នៅសាលមហោស្រព Encore Melaka នេះ ទស្សនិកជននឹងបានទស្សនាការសម្ដែងឈុតឆាកជាច្រើន រួមមាន៖

១. រឿងព្រេងព្រះបាទបរមេស្វរៈ (Parameswara)៖ ឈុតនេះគឺសម្ដែងពីការបង្កើតរាជាណាចក្រមលក្កាដោយព្រះបាទបរមេស្វរៈ ជាក្សត្រមកពីប៉ាឡេមបាំង (Palembang បច្ចុប្បន្នស្ថិតនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៉ី) ក្រោយពេលព្រះអង្គបានទតឃើញសត្វក្ដាន់ (Mouse-deer ខ្មែរយើងហៅក្ដាន់ញ៉ែង) នៅក្រោមដើមផ្កាមល្លិកា ឬដើមម្លិះរួត ទើបព្រះអង្គប្រទានឈ្មោះដល់រាជាណាចក្រនេះថា មល្លិកា ឬមលក្កា ឬម៉ាឡាកា។

២. ចឹង ហឺ មកដល់ម៉ាឡាកា៖ ឈុតនេះគឺសម្ដែងពីការមកដល់របស់មេបញ្ជាការទ័ពជើងទឹកមហាម៉េង ចឹង ហឺ (Zheng He) នៅម៉ាឡាកា ពោលគឺអំឡុងពេលបេសកកម្មដឹកនាំកងទ័ពជើងទឹករបស់រាជវង្សម៉េងធ្វើដំណើរទៅកាន់បណ្ដាប្រទេសនៅអាស៉ី ដើម្បីប្រកាសពីរាជអំណាចរបស់អធិរាជម៉េង យ៉ុងឡឹ (Yongle) និងភ្ជាប់ចំណងការទូតជាមួយបណ្ដាប្រទេសទាំងនោះ។ ពិតណាស់ ការទៅដល់ម៉ាឡាការបស់កងទ័ពនិងប្រជាជនចិន ក៏បាននាំឱ្យមានការសំយោគរវាងវប្បធម៌ប្រពៃណីម៉ាឡាកានិងចិន ដែលគេតែងហៅថា Nyonya (ណ្យនយ៉ា)។

៣. ការវិវត្តសង្គមម៉ាឡាកា៖ ឈុតនេះជាការនិទានរឿងដ៏គួរឱ្យចាប់អារម្មណ៍អំពីសហគមន៍ ការមកដល់របស់ជនជាតិខាងក្រៅ ដូចជា ជ្វា ទមិឡ ឥណ្ឌា ចិន អារ៉ាប់ ព័រទុយហ្កាល់ ហូឡង់ អង់គ្លេស ជប៉ុន ប្រជាជនអាស៊ានផ្សេងទៀតជាដើម រួមទាំងសុខដុមនីយកម្មរបស់មនុស្សគ្រប់ជំនាន់នៅម៉ាឡាកា ដែលនាំឱ្យទឹកដីមួយនេះនៅស្ថិតស្ថិរនិងរីកចម្រើនដល់បច្ចុប្បន្ន។

៤. របាំស្ត្រី Nyonya៖ ឈុតនេះបង្ហាញពីសិល្បហត្ថកម្មរបស់ក្រុមស្ត្រីដែលស្លៀកពាក់បែប Nyonya។ ការសម្ដែងរបាំប្រកបដោយភាពស្រុះគ្នា រំលេចពីអត្ថន័យលើកតម្កើងសិប្បករក្នុងស្រុក បង្ហាញពីសម្លៀកបំពាក់និងសម្រស់ស្ត្រី Nyonya។

៥. មង្គលការ Nyonya៖ ឈុតនេះបង្ហាញពីទំនៀមទម្លាប់ប្រពៃណី និងការគោរពដូនតា ដែលបានពីការសំយោគរវាងប្រពៃណីម៉ាឡេកានិងចិន សូម្បីតែការស្លៀកពាក់ គ្រឿងតុបតែងលម្អ រួមទាំងភ្លេងតន្ត្រីផងនោះ ក៏សុទ្ធតែបង្ហាញពីការសំយោគរវាងប្រពៃណីម៉ាឡេកាម្ចាស់ស្រុក និងប្រពៃណីចិនមកពីនាយផងដែរ។

៦. រឿងកូនមួយម្ដាយប្រាំមួយ៖ ឈុតនេះបង្ហាញពីការនឹករលឹកអាឡោះអាល័យរបស់បុរសចំណាស់ម្នាក់ចំពោះម្ដាយទាំង៦នាក់របស់គាត់។ បុរសចំណាស់ម្នាក់នេះធ្លាប់ជាទារកម្នាក់ដែលរសាត់អណ្ដែតតាមសមុទ្រមកដល់ទីក្រុងម៉ាឡេកា ហើយក៏ទទួលបានការចិញ្ចឹមបីបាច់ពីសំណាក់ម្ដាយ៦នាក់ទីទៃជាតិសាសន៍ រួមមាន៖ ម្ដាយជនជាតិព័រទុយហ្កាល់ ម្ដាយជនជាតិចិន ម្ដាយជនជាតិណ្យនយ៉ា ម្ដាយជនជាតិម៉ាឡេ ម្ដាយជនជាតិចិត្តី ឬទមិឡ (Tamil)​​ និងម្ដាយជនជាតិឥណ្ឌា។

៧. ប្ដីជនជាតិចិននិងប្រពន្ធម៉ាឡេ៖ ឈុតនេះបង្ហាញពីប្ដីជនជាតិចិនឃ្លាតឆ្ងាយពីប្រពន្ធដែលកំពុងមានផ្ទៃពោះ (ទំនងជាទៅធ្វើជំនួញ ឬទៅធ្វើសង្គ្រាម) ហើយមានការនឹករឭកដល់ប្រពន្ធពួកគេជាខ្លាំង។ ចំពោះការសម្ដែងនិងភ្លេងអម (Sound background) គឺពោរពេញដោយមនោសញ្ចេតនាប្ដីប្រពន្ធដែលឆ្ងាយគ្នា។

៨. សហគមន៍ចម្រុះជាតិសាសន៍នៅម៉ាឡាកា៖ នេះជាទស្សនីយភាពចុងក្រោយ ដែលបង្ហាញពីភាពចម្រុះសម្បូរបែបរបស់ម៉ាឡាកា មានប្រជាជនចម្រុះជាតិសាសន៍ តែរស់នៅជុំគ្នាប្រកបដោយភាពសុខដុមរមនីយ សមដូចពាក្យគេថា «ម៉ាឡាកា ពីទឹកដីព្រេងនិទាន ក្លាយជាសហគមន៍ចម្រុះជាតិសាសន៍»

សូមជម្រាបថា សាលមហោស្រព Encore Melaka អាចផ្ទុកភ្ញៀវបានរហូតដល់១,៨០០នាក់ និងផ្តល់នូវទិដ្ឋភាពព្រះសូរិយាអស្តង្គតដ៏គួរឱ្យភ្ញាក់ផ្អើលនៅជាប់មាត់សមុទ្រ (ច្រកសមុទ្រម៉ាឡាកា)៕