(ព្រះវិហារ)៖ លោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ បានប្តេជ្ញានឹងរកទីផ្សារជូនប្រជាកសិករ នៅភូមិដងផ្លិត និងភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែប ខេត្តព្រះវិហារ ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ តាមរយៈការដាំដំណាំកសិកម្មរួមផ្សំផ្សេង។ នេះបើតាមការឲ្យដឹងពី លោក អ៊ុំ សុភឿន អភិបាលស្តីទីស្រុកឆែប បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ។
លោក អ៊ុំ សុភឿន អភិបាលស្តីទីស្រុកឆែប បានឲ្យដឹងថា ថ្មីៗកន្លងទៅនេះលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត បានចុះសួរសុខទុក្ខសំណេះសំណាលតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅភូមិដងផ្លិត ឃុំឆែបពីរ ពិសេសចង់ដឹងពីបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ទាក់ទងនឹងការដាំដំណាំកសិកម្មរួមផ្សំផ្សេងៗ ដើម្បីលោកទាក់ទងអ្នកវិនិយោគ មកធ្វើការអភិវឌ្ឍនៅក្នុងតំបន់នេះ ស្របតាមទិសដៅរបស់រាជរដ្ឋាភិបាល និងដើម្បីលើកកម្ពស់ជីវភាពពួកគាត់។
បើតាមលោក អ៊ុំ សុភឿន, បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ពិសេសស្តាប់ការត្អូញត្អែរបស់ពលរដ្ឋទាក់ទងដំណាំបន្លែរបស់គាត់គ្មានទីផ្សារ គ្មានផែនការ និងគម្រោងដាំដុះ ធ្វើឲ្យគាត់ផលិតបានហើយបែរជាខាតនោះ លោក អ៊ុក គឹមសាន នឹងបង្កើតសេដ្ឋកិច្ចជួយពួកគាត់លើវិស័យកសិកម្ម ដើម្បីឲ្យសេដ្ឋកិច្ចពួកគាត់រីកលូតលាស់ ដោយលោកថា គោលនយោបាយបញ្ចកោណរបស់រាជរដ្ឋាភិបាល គឺមានទិសដៅឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានមានជីវភាពប្រសើរឡើងជាងមុន។
លោកបន្ថែមទៀតថា ពេលប៉ុន្មានថ្ងៃនេះមានវិទ្យុខ្មែរមួយនៅបរទេសដែលមាននិន្នាការបក្សប្រឆាំង បានធ្វើការផ្សាយញុះញុងដោយធ្វើការចោទប្រកាន់ទៅលើលោក អ៊ុក គឹមសាន ថាលោករំលោភយកដីប្រជាពលរដ្ឋជនជាតិភាគតិច ឈូសឆាយបំផ្លាញព្រៃជំនឿ និងតំបន់ដែលអ្នកភូមិរកអនុផលព្រៃឈើបែបប្រពៃណី។ ពាក់ព័ន្ធនឹងការផ្សាយរបស់វិទ្យុនោះ លោក អ៊ុំ សុភឿន ថាលោក អ៊ុក គឹមសាន គាត់គ្មានដីនៅតំបន់នោះទេ ដីដែលត្រាក់ទ័រចុះទៅភ្ជួរ ដើម្បីសំអាតនោះ គឺជាដីស្របច្បាប់ ដែលមានប្រជាពលរដ្ឋបានអាស្រ័យជាយូរណាស់មកហើយ និងមានដីមួយចំនួនដែលប្រជាពលរដ្ឋបានលក់ឲ្យម្ចាស់ដីថ្មី បានកំពុងសំអាតសម្រាប់ដាំដុះក្នុងដូវវស្សាខាងមុខ។ ទីតាំងនេះទៀតសោធន៍ ក៏មិនមែនជាដីព្រៃជំនឿរបស់ជនជាតិដើមភាគតិចកួយនោះឡើយ ព្រមទាំងមិនមានភូមិរបស់ជនជាតិកួយរស់នៅទីនោះផងទេ។
លោកអភិបាលស្រុកស្តីទីថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺបានធ្វើការវះកាត់ដល់មន្ត្រីជាច្រើនដែលប្រពឹត្តខុសឆ្គង ដោយឡែកសម្រាប់ខេត្តព្រះវិហារ ដែលមានលោក គីម រិទ្ធី ជាអភិបាលខេត្ត លោកក៏មិនបណ្តែតបណ្តោយឲ្យមន្ត្រីធ្វើបាបប្រជាពលរដ្ឋដែរ ដូច្នេះការផ្យាយរបស់វិទ្យុមួយនោះ អាចជាហេតុផលនយោបាយច្រើនជាង ដោយយកលេសឲ្យជនជាតិភាគតិច មិនសប្បាយចិត្តជាមួយអាជ្ញាធរ ជាមួយថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់៕