(កែប)៖ ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប អញ្ជើញចូលរួមជាអធិបតីក្នុ ងពិធីបិទសន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ​២០២៤​ និង​លេីកទិសដៅ​ការងារ​ឆ្នាំ​២០២៥​ របស់​រដ្ឋបាល​ខេត្តកែប​ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តកែប។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប, ប្រធានក្រុមប្រឹក្សាខេត្តកែប ប្រតិភូអមដំណើរថ្នាក់ដឹកនាំ នៃមន្ត្រីរាជការ កងកម្លាំងដាវុធទាំងបីប្រភេទ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

នាឱកាសនោះ ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា រដ្ឋបាលខេត្តកែប មួយឆ្នាំកន្លងទៅនេះ បានរៀបចំដំណើរការអភិវឌ្ឍន៍របស់ខ្លួនចំទិសល្អ តាមរយៈការសម្រេចបាននូវសមិទ្ធផលនានា ដែលសមស្របជាមួយសក្តានុពល លើវិស័យទេសចរណ៍ ដែលខេត្តនេះមាន។ ខេត្តកែប ជាខេត្តដែលមានសក្តានុពលលើវិស័យទេសចរណ៍ ដូច្នេះរាល់ការអភិវឌ្ឍខេត្ត ត្រូវផ្តោតសំខាន់ទៅលើខឿនយុទ្ធសាស្ត្រ ដោយកែលម្អសោភ័ណភាព ហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអនាម័យបរិស្ថានតាមតំបន់ឆ្នេរទៀតផង។

តួយ៉ាងកន្លងមក ខេត្តកែប សម្រេចបានជាស្ថាពរ នូវសមិទ្ធផលដែលគាំទ្រដល់វិស័យទេសចរណ៍ ដូចជា ផែទេសចរណ៍កោះទន្សាយ ទាំងលើគោក និងលើកោះ វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងប្រមាណជាង១២គីឡូម៉ែត្រ ទីលានចាក់សម្រាម និងសមិទ្ធផលធំៗ ជាច្រើនទៀត ក្នុងនោះឆ្នេរតេជោសន្តិភាពកែប ក៏ជាទីតាំងដ៏មានសក្កានុពលក្នុងការស្រូបទាញភ្ញៀវទេសចរ ឲ្យមកលេងខេត្តកែបកាន់តែច្រើនផងដែរ។

សក្តានុពលវិស័យទេសចរណ៍ក្នុងខេត្តកែប មានភាពរីកចម្រើនកាន់តែខ្លាំង បានកែប្រែមុខមាត់ខេត្តកែប ឲ្យល្បីល្បាញ និងទទួលបានកេរ្តិ៍ឈ្មោះ ជាតារារៈនៅទិសនារតី និងជាខេត្ត ដែលមានឆ្នេរខ្សាច់ស្អាតដាច់គេថែមទៀត។

ក្រៅពីសក្តានុពលវិស័យទេសចរណ៍ ដោយឡែក ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ គោលនយោបាយជាតិ រួមទាំងចក្ខុវិស័យយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានណែនាំដល់មន្ត្រីគ្រប់ជាន់ថ្នាក់ បន្តរួមគ្នាគិតគួរ ដើម្បីកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាពលរដ្ឋ ឆ្លើយតបឲ្យទាន់សភាពការ នឹងតម្រូវការសេវាចាំបាច់នានាឲ្យដល់មូលដ្ឋាន ដើម្បីជួយលើកស្ទួយជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រឲ្យបានជាអតិបរមា៕