(ពោធិ៍សាត់)៖ សន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រី ខេត្តពោធិ៍សាត់ ដែលបានប្រារព្ធធ្វើនារសៀលទី២៣ ខែមករា ឆ្នាំ ២០២៥ នៅអគារសាលប្រជុំសាលាខេត្ត ស្ថិតក្រោមអធិបតីភាព លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត លោកស្រី ឯម ប៉ុណ្ណា សមាជិកាប្រតិបត្តិថ្នាក់កណ្តាល លោក ម៉ក់ រ៉ា ប្រធានសមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត អភិបាលស្រុក ក្រុង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងសមាជិកា សាខា អនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍កម្ពុជា ថ្នាក់ស្រុក ក្រុង ឃុំ សង្កាត់។

លោកស្រី អាំង សុជាតា ខូយរីដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានថ្លែថា សន្និបាតដែលបានប្រារព្ធធ្វើនាពេលនេះ ក្នុងគោលបំណង បូកសរុបលទ្ធផលសកម្មភាពការងារ ដែលបានអនុវត្តកន្លងមក ដូចជាការពង្រឹង ពង្រីករចនាសម្ព័ន្ធចាត់តាំង ការងារសង្គម និងការងារមនុស្សធម៌។ ក្នុងរយៈពេល៤៦ឆ្នាំ សមាគមនារីខេត្តពោធិ៍សាត់ បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការរក្សាការពារ សុខសន្តិភាព និងអភិវឌ្ឍន៍ ដោយចាត់ទុកថា ស្ត្រីជាកម្លាំងចលករ ក្នុងវិស័យនយោបាយ  កិច្ចការសង្គម និងសេវាសាធារណៈ។ ឆ្នាំ២០២៤ ជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នោះនារីក៏បានពង្រីករចនាស័ម្ពន្ធចាត់តាំងដោយមាន ១គណៈកម្មការសាខា ៥អនុសាខា ៤១បណ្តាញនៃស្រុក ក្រុង ៧អនុសាខា និង៥២២បណ្តាញ មានសមាជិកភាព ចំនួន៤,១៥២រូប ក្រុមចលនាស្ត្រី២១រូប។ ថវិកាចំណូលក្នុងឆ្នាំ២០២៤ ជាង៤១,១៨៤ដុល្លារអាមេរិក។

លោកស្រី ក៏បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែង ពុំខ្លាចពីការនឿយហត់ របស់បងប្អូននារី នៅគ្រប់លំដាប់ថ្នាក់ ដែលមានស្មារតី ឆន្ទះ ចូលរួមក្នុងការងារសង្គម។ ឆ្លងតាមរយៈសកម្មភាព ឃើញថាសាខាសមាគមនារី និងក្រុមចលនាស្ត្រី ពីមួយថ្ងៃទៅមួយ ថ្ងៃកាន់តែមានភាពប្រែប្រួល រីកចម្រើន អំពីស្ថានភាព ជីវភាព ឋានៈ និងតួនាទី បានក្លាយជាអ្នកដឹកនាំ ក្នុងមុខងារនយោបាយ និងមុខងារសាធារណៈ។

លោកស្រី ឯម ប៉ុណ្ណា ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា និងជាសមាជិកាប្រតិបត្តិ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិ  វឌ្ឍន៍ថ្នាក់កណ្តាល និងលោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់សាខាសមាគមនារី និងក្រុមចលនាស្ត្រី ដែលបានរៀបចំពង្រឹង និងពង្រីករចនាសម្ពន្ធ័ បណ្តាញសមាគមនារី ឱ្យកាន់តែមានភាពរឹងមាំ និងទូលំទូលាយ ដើម្បីរួមចំណែក ក្នុងការលើកកម្ពស់ស្ថានភាព ជីវភាពស្ត្រី ជាពិសេសអំពីតួនាទី ឋានៈ ចំណេះដឹងជំនាញ ក៏ដូចចូលរួមដោះស្រាយនូវក្តីកង្វល់ បញ្ហាប្រឈម និងតម្រូវការរបស់ស្ត្រីនិងកុមារ ទូទាំងខេត្តកាន់តែ មានភាពរឹងមាំ។

ថ្នាក់ដឹកនាំទាំងពីរ បានលើកឡើងទៀតថា សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងក្រុមចលនាស្ត្រីខេត្ត គឺជាអង្គការមហាជន ដែលបានបង្កើតឡើងតាំង ពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ ១៩៧៨ ក្រោមទង់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្នុងកាលៈទេសៈប្រទេសជួបវិបត្តិនៃសង្គ្រាម បង្កឡើងដោយរបប ប្រល័យពូជសាសន៍។ រហូតមកដល់ពេលនេះសមាគមនារីបាននឹងកំពុងបំផុសបងប្អូននារីគ្រប់ស្រទាប់វណ្ណៈ ទាំងក្នុង និងក្រៅប្រទេស រួមគ្នាជាកម្លាំងគាំទ្រ និងអនុវត្តគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រកាន់ខ្ជាប់នូវទស្សនៈអ្វីៗទាំងអស់ ដើម្បីសុខុមាលភាពរបស់ស្រ្តី និងកុមារ។

លោកស្រី ឯម ប៉ុណ្ណា និងលោក ខូយ រីដា បានផ្តាំផ្ញើ ដល់បងប្អូននារីថ្នាក់ខេត្ត ស្រុក ក្រុង មន្ទីរអង្គភាព និងថ្នាក់មូលដ្ឋាន ត្រូវចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១  ពង្រឹងរចនា សមាគមនារី និងគណៈចលនាស្ត្រីឆ្នាំ២០២៥ តាមរយៈការបណ្តុះបណ្តាលជំនាញ ជាពិសេសការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ក្នុងយុគសម័យឌីជីថល និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តានារី ទាំងថ្នាក់ជាតិ ទាំងថ្នាក់ក្រោមជាតិ ស្ថាប័នពាក់ព័ន្ធ សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបង្កើនប្រុងប្រយត្ន័ នូវការប្រែប្រួលអាកាសធាតុ គោរពច្បាប់ចរាចរណ៍។

ជាមួយគ្នានោះ ត្រូវបន្តចូលរួមគ្រប់សកម្មភាព ទាំងការងារចាត់តាំង គ្រប់គ្រង សតិអារម្មណ៍ ត្រូវចៀសវាងដាច់ខាត នូវការចាញ់ល្បិចកលឆបោក ឃោសនាអកុសល របស់បុគ្គលមួយចំនួន និងត្រូវចេះគៀងគរ រួបរួមសាមគ្គីជួយគ្នាទៅវិញទៅមក ប្រៀបដូចមហាគ្រួសារតែមួយ។ ថ្នាក់ដឹកនាំទាំងពីរ មានជំនឿជឿជាក់ថា សមាគមនារីខេត្តពោធិ៍សាត់ ពិតជាចូលរួមបំពេញការងារដ៏មានអត្ថន័យ និងជាប្រវតិ្តសាស្ត្រ ខិតខំប្រឹងប្រែង និងទទួលខុសត្រូវ ទាំងថ្នាក់ដឹកនាំអនុសាខា និងទាំងបណ្តាញ នៃអង្គភាពនីមួយៗ ព្រមទាំងធ្វើការផ្សព្វផ្សាយបានយល់ដឹងអំពីលក្ខន្តិកៈសមាគមនារី ត្រូវចេះគ្រប់គ្រង ដឹកនាំស្វែងរកមូលនិធិ សម្រាប់ទ្រទ្រង់សកម្មភាព អនុសាខា និងជួយទៅដល់ជនងាយរងគ្រោះ ដោយប្រការផ្សេងៗ បានទាន់ពេលវេលា និងចំគោលដៅ ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕