(ស្វាយរៀង)៖ យ៉ាងហោចណាស់មានមានក្មេងស្រីចំនួន៣នាក់ រងរបួសក្នុងករណីដាច់កន្ត្រកវិល ស្ថិតនៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ភ្លាមៗក្មេងស្រីរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
លោក សោម សុភណ្ឌ័ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងនារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថា ហេតុការណ៍ដាច់កន្ត្រកវិលនេះបានកើតឡើងនៅវេលាម៉ោង៩យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ស្ថិតនៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ។ ក្មេងស្រីរងគ្រោះទី១៖ ឈ្មោះ ខន រស្មី អាយុ១៥ឆ្នាំ ទី២៖ ឈ្មោះស៊ុត មករា អាយុ១៥ឆ្នាំ និងទី៣៖ មានឈ្មោះ ឌុច ស្រីមុំ អាយុ១៤ឆ្នាំ។
លោកបានបន្តថា បន្ទាប់ពីប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានដាច់កន្រ្តកវិល នៅភូមិត្រោកធំ ឃុំស្វាយធំ រួចហើយកម្លាំងជំនាញស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយធំ បានចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ និងបានស្តាប់បំភ្លឺពីប្រជាពលរដ្ឋ។ បើតាមសាក្សីបានឆ្លើយបំភ្លឺថា ពួកគាត់ទៅមើលកន្លែងគេដាក់តាំងកន្ត្រកវិល និងម៉ូតូហោះ គប់ប៉ោងប៉ោង កូនឡាន សម្រាប់ជួលឱ្យក្មេងៗជិះលេង ពេលក្មេងកំពុងជិះក្នុងកន្រ្តកវិលចុះឡើងនោះ ស្រាប់តែដាច់ខ្ចៅដែកដាក់ធ្លាក់ពីលើមកដល់ដីបណ្តាលឱ្យមានរបួសទាំង៣នាក់។
ក្រោយពីបានស្តាប់ការបំភ្លឺរួចហើយសមត្ថកិច្ច បានហៅឈ្មោះ ប៉ុល សាវឿន ភេទប្រុស អាយុ៤២ឆ្នាំ និងប្រពន្ធឈ្មោះ ហាំ ស្រីដើង អាយុ៣៩ឆ្នាំ មកអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ ដើម្បីសាកសួរ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ ប៉ុល សាវឿន និងឈ្មោះ ហាំ ស្រីដើង បានឆ្លើយប្រាប់ថា កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង១៥និង០០នាទី ខ្លួន និងប្រពន្ធបានដឹងថានៅភូមិត្រោកធំ ឃុំស្វាយធំ ស្រុកស្វាយជ្រំ មានកម្មវិធីបុណ្យហើយមានល្ខោនលេង ខ្លួនមិនបានសុំអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេ ដោយបានដឹកសម្ភារមានដូចជា៖ កន្រ្តកវិល ម៉ូតូហោះ កូនឡានរត់តាមខ្សែភ្លើង និងគប់ប៉ោងប៉ោង មកដាក់តាំង និងសម្រាប់ជួលឱ្យក្មេងៗជិះលេងរហូតដល់យប់កើតហេតុ។
លោកអធិការបានបន្តថា ក្រោយមកមានក្មេងស្រីចំនួន ៣នាក់ ឪពុក ម្តាយបានជូនកូនមកដើរលេង និងមកមើលកន្លែងទីតាំងខ្លួន ក៏ជួលកន្ត្រកវិលឱ្យកូនស្រីខ្លួនជិះទាំង៣នាក់ ក្នុង១នាក់ ៣០០០រៀល ពេលកន្រ្តកកំពុងវិលចុះឡើងស្រាប់តែដាច់ខ្ចៅធ្លាក់ពីលើមកដល់ដីបណ្តាលឱ្យមានរបួសស្នាមក្មេងស្រីទាំង៣នាក់នោះពិតមែន។
បច្ចុប្បន្ននេះ ក្មេងស្រីរងគ្រោះទាំង៣នាក់ កំពុងដេកសម្រាកព្យាបាលនៅមន្ទពេទ្យបង្អែកខេត្តស្វាយរៀង និងមន្ទីពេទ្យបង្អែកស្រុកស្វាយជ្រំ ផងដែរ៕