(ភ្នំពេញ)៖ អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានបើកកិច្ចប្រជុំមួយដើម្បីរៀបចំផែនការ ការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ ដែលនឹងប្រារព្ធនៅខែវិច្ឆិកា ក្រោយនេះ។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានអង្គរក្ស ព្រមទាំងមន្ដ្រីនគរបាលជាន់ខ្ពស់ ពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ដែលបានធ្វើឡើងនៅ សាលប្រជុំនាយកដ្ឋានអង្គរក្ស។
កិច្ចប្រជុំបានកំណត់ដែរថា មន្ដ្រីនគរបាលពាក់ព័ន្ធទាំងអស់ ត្រូវប្រមូលផ្ដុំព័ត៌មានពាក់ព័ន្ធសន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អបអំបុក ដើម្បីវិភាគវាយតម្លៃឲ្យបាននូវឧបាយកលនានា ដែលប៉ុនប៉ងបំផ្លិចបំផ្លាញ ឬបង្កចលាចល ធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងត្រូវមានវិធានការម្ចាស់ការ ដើម្បីដោះស្រាយសមស្រប មានប្រសិទ្ធិភាព ហើយត្រូវបង្កើនការត្រួតពិនិត្យអាវុធ-ជាតិផ្ទុះ និងត្រួតពិនិត្យរដ្ឋបាល ជុំវិញកន្លែងប្រារព្ធពិធី។
បន្ថែមពីនេះ ត្រូវសហការជាមួយ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ សាលារាជធានីភ្នំពេញក្ដាប់ជាប់ កម្មវិធីព្រះរាជពិធីបុណ្យអុំទូក កន្លែងសប្បាយ និងស្ដង់លក់ដូរ ដើម្បីម្ចាស់ការទាន់ពេលក្នុងការរៀបចំផែនការការពារសមស្រប តាមកម្មវិធី និងទម្រង់ការផ្សេងៗ៕