(ភ្នំពេញ)៖ យុទ្ធនាការបាញ់សម្លាប់មូសខ្លាក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌ, កងកម្លាំងកងពលតូចលេខ៧០ (ង៧០) និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ចប់ដំណាក់កាលទី១ នៅក្នុងខណ្ឌចំនួន៧ ហើយក្រុមការងារ បាននិងកំពុងបន្តបាញ់សម្លាប់មូសខ្លានៅតាមខណ្ឌចំនួន៧ទៀត។

លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ឱ្យដឹងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ថា អនុវត្តតាមការចង្អុលបង្ហាញ និងការគិតគូរពីបញ្ហាសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង មូលដ្ឋានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គិតមកដល់ថ្ងៃទី២៤ ខែមករា យុទ្ធនាការបាញ់សម្លាប់មូសខ្លាក្នុងមូលដ្ឋានខណ្ឌទាំង១៤ ក្រោមកិច្ចសហការរវាងអាជ្ញាធរខណ្ឌ ជាមួយមន្ទីរសុខាភិបាលរាជធានី និងកងកម្លាំង កងពលតូចលេខ៧០ (ង៧០) បានបញ្ចប់ដំណាក់កាលទី១ ចំនួន៧ខណ្ឌហើយ។ នៅពេលនេះ ក្រុមការងារបាន និងកំពុងបន្តបាញ់សម្លាប់មូសខ្លានៅតាមខណ្ឌចំនួន៧ទៀត។

គូរបញ្ជាក់ថា យុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅមូលដ្ឋានខណ្ឌទាំង១៤ បានចាប់ផ្តើមឡើង កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដែលនេះជាកាដូដ៏មានតំលៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

លោក ឃួង ស្រេង បានឱ្យដឹងនាពេលបើកយុទ្ធនាការកន្លងនេះថា នាដើមឆ្នាំ២០២៥ នៅភ្នំពេញ ពិសេសនៅតាមប្រឡាយ លូ បានកើតមូសយ៉ាងច្រើន បង្កឲ្យមានហានិភ័យចំពោះសុខមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពី បញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង។

ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានខណ្ឌទាំង៧ ដែលក្រុមការងារបាញ់សម្លាប់មូសខ្លារួច បានសម្តែងនូវទឹកចិត្តរីករាយយ៉ាងក្រៃលែង ចំពោះអាជ្ញាធររាជធានីភ្នំពេញ អាជ្ញាធរខណ្ឌ ក្រុមគ្រូពេទ្យនៃអង្គភាព៧១១ កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានី ដែលបានធ្វើយុទ្ធនាការបាញ់ថ្នាំមូសក្នុងភូមិឋានរបស់ពួកគាត់ ដើម្បីទប់ស្កាត់ជំងឺគ្រុនឈាម ដែលនេះបង្ហាញឱ្យឃើញពីកាគិតគូរពីសុខមាលភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋ។

ខណ្ឌដែលបានបញ្ចប់នៃការបាញ់ថ្នាំដំណាក់កាលទី១រួមមាន៖ ខណ្ឌមានជ័យ, ខណ្ឌសែនសុខ, ខណ្ឌពោធិ៍សែនជ័យ, ខណ្ឌឬស្សីកែវ, ខណ្ឌទួលគោក, ខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ៕