(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានបើកការប្រឡងជ្រើសរើសបេក្ខជន ចូលបម្រើការងារក្នុងក្របខណ្ឌក្រសួង ឆ្នាំ២០១៦ ដែលមានបេក្ខជនដាក់ពាក្យប្រឡងចំនួន ៣,០៣៦នាក់ ដឹកនាំដោយលោក កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង ។
លោក កាន់ ម៉ន បានបញ្ជាក់ថា បើមានបេក្ខជនណាម្នាក់ធ្វើខុសនឹងបទបញ្ជាប្រឡង គឺត្រូវបញ្ឈប់ការប្រឡងតែម្ដង។
ដំណើរការប្រឡងនេះ ត្រូវបានប្រព្រឹត្តទៅក្នុងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក ដែលមានការសហការជាមួយ ក្រសួងមុខងារសាធារណៈ និងអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ព្រមទាំងមានការការពារសន្តិសុខ សណ្ដាប់ធ្នាប់ ពីកម្លាំងសមត្ថកិច្ចផងដែរ។
លោក កាន់ ម៉ន បានឱ្យដឹងថា បេក្ខជនដែលបានដាក់ពាក្យប្រឡង មានចំនួន ៣,០៣៦នាក់ ដែលត្រូវបានដាក់ឱ្យប្រឡងក្នុងវិទ្យាល័យ ជា ស៊ីម សន្ធរម៉ុក (៥៤បន្ទប់) និងសាលាបឋមសិក្សាសន្ធរម៉ុក (៤៨បន្ទប់)។
លោកបន្តថា «យើងបានប្រុងប្រៀបរួចជាស្រេច ធ្វើយ៉ាងណាដើម្បីធានាឱ្យមានតម្លាភាព យុត្តិធម៌ ១០០ភាគរយ គឺគ្មានបើកប្រ៉ីយ៉ុង ឬការចម្លងមើលគ្នាអ្វីទេ បើកាលណាមានសកម្មភាពបែបហ្នឹង គឺយើងឈប់ឱ្យប្រឡងតែម្ដង»។
លោកបានបន្តទៀតថា «ឆ្នាំ២០១៦នេះ ក្រសួងការងារធ្វើការជ្រើសរើសយកបេក្ខជនចំនួន ១០៥នាក់ ក្នុងនោះថ្នាក់កណ្ដាលចំនួន ៤៨នាក់ និងថ្នាក់ក្រោមជាតិ (តាមខេត្ត) ចំនួន ៦២នាក់ ហើយបើប្រៀបធៀបនឹងឆ្នាំ២០១៥ គឺច្រើនជាង២ដង»។
លោក កាន ម៉ន បានបន្ថែមថា ការជ្រើសរើសបេក្ខជនចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងការងារ ឆ្នាំ២០១៦នេះ ធ្វើឡើងស្របទៅតាម សេចក្ដីប្រកាសរបស់ ក្រសួងមុខងារសាធារណៈ ដើម្បីយកទៅជំនួសមន្រ្តីចាស់ ដែលពួកគាត់ខ្លះបានចូលនិវត្តន៍ ខ្លះឈប់ពីការងារ និងមួយចំនួនទៀតបានស្លាប់ ជាដើម។
សូមជម្រាបថា កាលពីពេលកន្លងទៅ ក្រសួងមុខងារសាធារណៈ បានប្រកាសឱ្យក្រសួង និងស្ថាប័នចំនួន៦ ធ្វើការប្រឡងជ្រើសរើស មន្រ្តីរាជការ ចូលបម្រើការងារក្នុងក្របខណ្ឌរបស់ខ្លួន ក្នុងនោះមាន៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ១០៥កន្លែង, ក្រសួង ទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ៣០កន្លែង, ក្រសួងទេសចរណ៍ ១០០កន្លែង, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ១០២កន្លែង, ក្រសួងធនធានទឹក និងឧតុនិយម ៥៤កន្លែង, និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ១៨កន្លែង៕