(ភ្នំពេញ)៖ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តីប្រកាសព័ត៌មានមួយ សម្រាបជូនដល់សាធារណជនមតិ និងក្រៅខេត្តទាំងអស់ ឲ្យបានដឹងពីគោលជំហររបស់អាជ្ញាធរខេត្ត ក្នុងការការពារធនធានធម្មជាតិ។
នៅក្នុងសេចក្តីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ បានបញ្ជាក់ឲ្យដឹងថា អាជ្ញាធរខេត្តព្រះវិហារ នឹងចាត់វិធានការផ្លូវច្បាប់ជាដាច់ខាត ចំបោះសកម្មភាពរបស់ជនទាំងឡាយណា ដែលនៅពីក្រោយខ្នងនៃការបំផ្លាញធនធានព្រៃឈើ ដោយប្រើប្រាស់រូបភាពប្រជាពលរដ្ឋ ឫគ្រប់រូបភាពណាក៏ដោយ។
ក្រៅពីនោះ អាជ្ញាធរខេត្ត ប្រកាសថា នឹងធ្វើការហាមឃាត់ និងទប់ស្កាត់គ្រប់រូបភាព ក្នុងករណីក្រុមហ៊ុន ទទួលបានសិទ្ធិស្របច្បាប់ ក្នុងការប្រមូលឈើ តែបែរ ជាប្រើប្រាស់រូបភាពប្រជាជន ទៅកាប់ឈើនៅក្នុងតំបន់អភិរក្ស យកមកលក់ឲ្យក្រុមហ៊ុនជាដើម។
នៅក្នុងសេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា កិច្ចការពារធនធានធម្មជាតិ ចាំបាច់ត្រូវមានការចូលរួមពីប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិលនានា ក្នុងការផ្តល់ព័ត៌មាន ដល់អាជ្ញាធរគ្រប់សកម្មភាព បទល្មើសធម្មជាតិទាំងឡាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរ ក្នុងការចាត់វិធានការទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។
រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមថា ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នឹងចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការទប់ស្កាត់បទល្មើកំពុងតែបំផ្លិតបំផ្លាញ ធនធានធម្មជាតិ ដើម្បីលើកកំពស់ បរិស្ថានធម្មជាតិឲ្យកាន់តែប្រសើរឡើង ដើម្បីជាប្រយោជន៍ដល់សង្គមជាតិ៕