(ភ្នំពេញ)៖ ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកែប, លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តដល់ការរៀបចំសហគមន៍នេសាទតាមបែបប្រពៃណី ដើម្បីប្រែក្លាយទីតាំងសហគមន៍នេសាទទៅជាគោលដៅទេសចរក្នុងស្រុក ជាប្រភពផ្តល់ប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍។
ជាកិច្ចចាប់ផ្ដើម លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរ និងឯកភាពគាំទ្រចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តកែប សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោកបានបន្តថា លទ្ធផលការងាររបស់រដ្ឋបាលខេត្តកែប ពិតជាបានបម្រើជាប្រយោជន៍ជូនដល់ប្រជាជនក្នុងខេត្តជារួម ដោយបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងកំផែងសុវត្ថិភាពរបស់ជាតិសាសន៍យើង។
លោក សាយ សំអាល់ បានលើកឡើងថា កិច្ចការនេះអាចសម្រេចទៅបានដោយសារមានការចូលរួមសហការយ៉ាងសកម្ម គួរឱ្យស្ញើចសរសើរ ជាពិសេសក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ដែលបានចុះជាប់ជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិនិងប្រជាជន ប្រកបដោយឥរិយាបថទទួលខុសត្រូវខ្ពស់។
បើតាមប្រសាសន៍លោករដ្ឋមន្ត្រី, គ្រប់សមិទ្ធផលកិច្ចការទាំងអស់ដែលសម្រេចបាន គឺបង្ហាញពីប្រសិទ្ធភាព និងគុណភាពរដ្ឋបាលសាធារណៈទំនើប ដែលបានរៀបចំត្រឹមត្រូវ ប្រកបដោយភាពវាងវៃ និងអត់ធ្មត់ ដែលជាសមិទ្ធផលដ៏ធំធេង ក្រោមគុណបំណាច់នៃកិច្ចខិតខំប្រឹងប្រែងរបស់ សម្តេចក្រឡាហោម ស ខេង អតីតប្រមុខថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រោមការចង្អុលបង្ហាញប្រកបដោយទស្សនវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបច្ចុប្បន្ន សម្តេច ជាប្រធានព្រឹទ្ធសភានៃកម្ពុជា។
លោក បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្ត មន្ទីរជំនាញ និងផ្នែកពាក់ព័ន្ធគ្រប់កម្រិតបន្តខិតខំលើមាគ៌ាដ៏ត្រឹមត្រូវនេះ និងសូមផ្តល់នូវអនុសាសន៍បន្ថែមមួយចំនួនជាទុនសម្រាប់ពិចារណា។
យោងកត្តាភូមិសាស្ត្រ និងប្រជាជនក្នុងមូលដ្ឋាន, លោក បានថ្លែងថា គួរផ្តួចផ្តើមគិតគូរពីលទ្ធភាពម្ចាស់ការលើផលិតផលកសិកម្មក្នុងស្រុក ដែលជាចំណែកទ្រទ្រង់ដល់ប្រយោជន៍សុខភាពសាធារណៈ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយប្រើប្រាស់ផ្ទៃដីដាំដុះដែលមាន មុននឹងឈានទៅពង្រឹងបច្ចេកទេសសម្រិតសម្រាំងផលិតផលក្នុងស្រុកសម្រាប់នាំចេញ។
លោក បានបន្ថែមថា ការណ៍នេះ គឺដើម្បីបើកច្រកសេដ្ឋកិច្ចសំដៅបង្កើនចំណូល ហើយក្រៅពីកសិកម្មក្នុងស្រុក ក៏គួរគិតគូរពីការដាំដំណាំ និងរុក្ខជាតិសម្រាប់ពាណិជ្ជកម្មផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី បានថ្លែងថា ឧស្សាហកម្មទេសចរណ៍នៅតែជាមុខព្រួញសំខាន់ក្នុងខឿនសេដ្ឋកិច្ចរបស់ខេត្ត ការប្រាស្រ័យទាក់ទងជាមួយអាជីវករដែលមានបទពិសោធន៍ចាស់-ថ្មីក្នុងវិស័យនេះ អាចនឹងកំណត់បានបន្ថែមទៀត នូវតម្រូវការរបស់ភ្ញៀវទេសចរក្នុងស្រុកមានកម្រិតជីវភាពមធ្យម ជាពិសេសបង្កលក្ខណៈងាយស្រួលដល់ប្រជាជនដែលមានទីលំនៅក្នុងខេត្តជាប់ព្រំប្រទល់ អញ្ជើញមកទស្សនាកំសាន្តបានកាន់តែច្រើន និងកាន់តែញឹកញាប់។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ភាពអំណោយផលពីធម្មជាតិ គឺអាកាសធាតុល្អ និងខ្យល់ជំនោរបរិសុទ្ធរបស់ខេត្តតាមបណ្តោយឆ្នេរសមុទ្រ ក៏ជាសក្តានុពលល្អ និងជាជម្រើសថ្មីសម្រាប់ការរៀបចំផ្ទះលម្ហែសម្រាប់មនុស្សវ័យជរា ឬវ័យចំណាស់មានជម្ងឺត្រូវការថែទាំជាប្រចាំ។ លោក បានបន្ថែមថា ការរៀបចំសេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ក្នុងវិស័យទេសចរណ៍ក៏គួររំលេច និងពង្រឹងនូវសក្តានុពល ដែលអាចជាកត្តាទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរបរទេស ដែលនៅជាប់ព្រំប្រទល់ជិតខាងឱ្យមកទស្សនាកម្សាន្ត។
បន្ថែមលើនេះទៀត លោក សាយ សំអាល់ បាន «ចូលរួមលើកទឹកចិត្តដល់ការរៀបចំសហគមន៍នេសាទតាមបែបប្រពៃណី តាមរយៈការលើកទឹកចិត្តឱ្យដាំដុះបន្លែ ផ្តល់ដើមទុនសមល្មមឱ្យមានផ្លូវចូលទៅដល់សហគមន៍ មានបន្ទប់ទឹកស្អាត និងចំណតរថយន្តសមរម្យ ដើម្បីប្រែក្លាយទីតាំងសហគមន៍នេសាទទៅជាគោលដៅទេសចរក្នុងស្រុក ជាប្រភពផ្តល់ប្រាក់ចំណូលបន្ថែមជួយដល់ជីវភាពប្រជាជនក្នុងសហគមន៍»៕