(បន្ទាយមានជ័យ)៖ លោក លី សារី អភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្ត ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីសាខាកាកបាទក្រហមជាច្រើនរូប បាននាំយកអំណោយជាអង្ករចំនួន៣តោន និងចុះទៅសួរសុខទុក្ខយុវជន និងយុវនារី ដែលកំពុងបន្សាបគ្រឿងញៀននៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ស្ថិតនៅក្នុងភូមិដីឡូត៍ សង្កាត់ទឹកថ្លា ក្រុងសីរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ការចុះសួរសុខទុក្ខនេះ លោកលី សារី បានថ្លែងឲ្យដឹងថា «ក្នុងនៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់កំពុងបន្សាបគ្រឿងញៀននេះមានយុវជនចំនួន២,៥១១នាក់ (ស្រី២១៧នាក់) បានធ្វើសមាហរណ៍កម្មចំនួន២,១៨៧នាក់ (ស្រី១៩៤នាក់) នៅសល់ជាក់ស្តែងចំនួន(៣២៤នាក់) ស្រី២៣នាក់»។
លោកបានបន្តថា «នៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ដែលកំពុងបន្សាបគ្រឿងញៀននេះមានការអប់រំចិត្តសាស្ត្រ រួមមានច្បាប់គ្រឿងញៀន ច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ប្រឆាំងនិងការជួញដូរមនុស្ស និងធ្វើអាជីវកម្មផ្លូវភេទជាដើម ហើយមានបង្រៀនផ្នែកសីលធម៍ ការរស់នៅក្នុងសង្គមនិងការធ្វើចំណាកស្រុកទាំងប្រថុយប្រថានជាដើមនិងមានបង្រៀនភាសាអង់់គ្លេស ការលេងល្បែងកំសាន្ត និងសូត្រព្រះធម៌ ស្វាយបង្គំព្រះជាដើមក្នុងនោះក៏មាន មុខវិជ្ជា កាត់សក់ជាងផ្សារអេឡិចត្រូនិចជាងជួសជុលម៉ាញ៉េ និងផ្នែកកសិកម្មជាដើម»។
លោកក៏បានអំពាវនាវ សូមឲ្យយុវជននិងយុវនារីដែលកំពុងបន្សាបគ្រឿងញៀនទាំងអស់គ្នាត្រូវតែខិតខំថែរក្សាខ្លួនជាមនុស្សល្អត្រូវប្រព្រឹត្តិអំពើល្អ សុចរិត និងជាសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងជាដើម ពីព្រោះជីវិតយើងម្នាក់ៗតែងតែជួបប្រទះទុក្ខលំបាកនិងបញ្ហាផ្សេងៗប៉ុន្តែមនុស្សយើងឲ្យតែមានជីវិតរស់នៅទុកជាមានជីវិតថ្លៃថ្លាណាស់ ទៅហើយដូច្នេះត្រូវបន្តកសាងអំពើល្អ ជាសវាងបង្កអបាយមុខផ្សេងៗ៕