(វៀតណាម)៖ ក្នុងឱកាសនៃការអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រើភាសាបារាំង នៅខេត្តកាន់ថឺ លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភាកម្ពុជា បានជួបសម្តែងការគួរសមជាមួយលោក Tran Thanh Man ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

នៅក្នុងកិច្ចសន្ទនានោះ ប្រធានរដ្ឋសភាវៀតណាម លោក Tran Thanh Man បានសម្តែងនូវការកោតសរសើរចំពោះការរីកចម្រើនដ៏ខ្លាំងក្លារបស់កម្ពុជា និងមានជំនឿជឿជាក់ថា រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា និងព្រឹទ្ធសភាកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រធាន នឹងសម្រេចបាននូវសមិទ្ធផលសំខាន់ថ្មីៗថែមទៀតនៅក្នុងការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ ប្រទេសជាតិ និងការលើកកម្ពស់កិត្យានុភាពកម្ពុជា ទាំងនៅក្នុងតំបន់ និងក្នុងពិភពលោក។

លោក អ៊ុច បូររិទ្ធ បានរំឭកពីប្រវត្តិសាមគ្គីភាព មិត្តភាពជាប្រពៃណីរវាងប្រជាជន និងបក្សទាំងពីរ កម្ពុជា- វៀតណាម ប្រយុទ្ធប្រកៀកស្មារប្រឆាំងអាណានិគមនិយម ដើម្បីឯករាជ្យភាព អធិបតេយ្យ និងបូរណភាពដែនដី និងបានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះការឧបត្ថម្ភគាំទ្រ ដែលវៀតណាមបានផ្តល់ដល់កម្ពុជា ក្នុងការតស៊ូរំដោះខ្លួនរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត រួមចំណែកដល់កិច្ចដំណើរការកសាង និងអភិវឌ្ឍប្រទេសជាតិ រីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ លោកអនុប្រធានទី១ ព្រឹទ្ធសភា បានថ្លែងអរគុណដល់ប្រធានរដ្ឋសភាវៀតណាម ដែលបានដឹកនាំគណៈប្រតិភូគណបក្សកុម្មុយនីស្តវៀតណាម និងរដ្ឋសភាជាតិវៀតណាម ចូលរួមក្នុងមហាសន្និបាត ICAPP លើកទី១២ និងសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP-11) ព្រមទាំងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ នៅរាជធានីភ្នំពេញ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤។

លោក អ៊ុច បូររិទ្ធ ក៏បានជម្រាបជូនគណៈប្រតិភូវៀតណាមអំពីអាទិភាពចម្បងពីរសម្រាប់ព្រឹទ្ធសភា នីតិកាលទី៥ ដែលជាទិសដៅនយោបាយប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលអាទិភាពទីមួយគឺ «ការរួមប្រាស្រ័យឱ្យកាន់តែជិតស្និទ្ធជាមួយអង្គបោះឆ្នោត» និងអាទិភាពទី២ គឺ «ការអនុវត្តការទូតសភា» សំដៅរឹតចំណងមិត្តភាព និងពង្រឹងពង្រីកកិច្ចសហ ប្រតិបត្តិការល្អប្រសើរ រវាងស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា ជាមួយស្ថាប័ននីតិប្បញ្ញត្តិនៃបណ្តាប្រទេសជាមិត្ត ដើម្បី លើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយឈរលើគោលការណ៍ស្មើភាព មិនជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងផងគ្នា និងគោរពឯករាជ្យភាព អធិបតេយ្យ និងមានផលប្រយោជន៍ទៅវិញទៅមក ។ លោកបានសម្តែងក្តីសោមនស្សរីករាយដែលស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ កម្ពុជានិងវៀតណាម បានបង្កើត ក្រុមមិត្តភាពសមាជិកសភា និងបានស្នើឱ្យមានការរៀបចំកិច្ចពិគ្រោះនយោបាយ ឱ្យបានជាទៀងទាត់ ដែលជាឱកាសដ៏មានសារៈសំខាន់ សម្រាប់ឱ្យអង្គការនីតិប្បញ្ញត្តិទាំងពីរ ធ្វើការផ្លាស់ប្តូរមតិយោបល់ និងជំហរជុំវិញ បញ្ហាប្រឈមនានានៅក្នុងតំបន់និងពិភពលោក ដែលមានផលប្រយោជន៍រួម និងជាកង្វល់របស់ប្រទេសទាំងពីរ។

ការឆ្លើយតប លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានរំឮកពីដំណើរទស្សនកិច្ចរបស់លោក នៅកម្ពុជា កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ ដោយបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ចរបស់ថ្នាក់ដឹកនាំកម្ពុជា ជាពិសេសព្រះមហាក្សត្រ នរោត្តម សីហមុនី, សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់កម្ពុជាមួយចំនួនផ្សេងទៀត និងក្តីអំណរដែលមានកិត្តិយសទទួលបានគ្រឿងឥស្សរិយយសសហមេត្រីលំដាប់ខ្ពស់បំផុត ដែលកម្ពុជាប្រគល់ជូន។

ប្រធានរដ្ឋសភាវៀតណាមបានវាយតម្លៃខ្ពស់ និងផ្តល់អាទិភាពចម្បងក្នុងការពង្រឹង និងអភិវឌ្ឍភាពជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែងរវាងប្រទេសទាំងពីរ វៀតណាមនិងកម្ពុជា និងបានសម្តែងនូវការគាំទ្រចំពោះឯករាជ្យភាព អធិបតេយ្យ សន្តិភាព វិបុលភាព របស់កម្ពុជា និងតួនាទីដ៏សកម្មរបស់កម្ពុជានៅលើឆាកអន្តរជាតិ។ ទន្ទឹមនឹងនេះ លោកប្រធានរដ្ឋសភាវៀតណាមបានសម្ដែងនូវការគាំទ្រចំពោះសំណើឱ្យមានការរៀបចំកិច្ចពិគ្រោះនយោបាយជាទៀងទាត់រវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ ដែលជាការរួមចំណែកដ៏សំខាន់ជំរុញចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅលើគ្រប់វិស័យ ដែលជាគុណប្រយោជន៍ដល់ប្រទេសជាតិទាំងពីរ៕