លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៖ អាជីពជាគ្រូពេទ្យ គឺជាអ្នកធ្វើការដណ្តើមជីវិតអ្នកជំងឺពីមច្ចុរាជ, ហេតុនេះទាមទារឱ្យការធ្វើការងារដោយឆន្ទៈ និងមេត្តាធម៌ (Video inside)
24-01-2025 08:56
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជាបានមានប្រសាសន៍ អាជីពជាវេជ្ជបណ្ឌិត គ្រូពេទ្យ គឺជាអ្នកធ្វើការដណ្តើមជីវិតអ្នកជំងឺពីមច្ចុរាជ ហេតុនេះទាមទារឱ្យការធ្វើការងារដោយឆន្ទៈ និងមេត្តាធម៌។
លោកជំទាវបណ្ឌិតលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកពេទ្យនៃមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
លោកជំទាវបណ្ឌិតមានប្រសាសន៍ថា ក្រុមគ្រូពេទ្យបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីស្រោចស្រង់ជីវិតមនុស្សដោយជោគជ័យ ប៉ុន្តែតែពេលខ្លះក៏មិនបានជោគជ័យ តែយ៉ាងណាក៏ពួកគាត់បានជួយប្រឹងប្រែងដល់ទីបំផុត។
លោកជំទាវបណ្ឌិតមានប្រសាសន៍ថា ដោយសារតែអាជីពនេះសំខាន់ដូចនេះហើយ ទើបទាមទារនូវការធ្វើការងារ ប្រកបដោយឆន្ទៈ វិជ្ជាជីវៈ គុណធម៌ សីលធម៌ក្នុងការធ្វើការ ប្រសិនបើគ្មានបេះដូងទេ គឺមិនអាចធ្វើការបានទេ។ លើសពីនេះទៀត ការងារនេះក៏ទាមទារ ឱ្យមានការអត់ធ្ងត់ និងមេត្តាធម៌ឱ្យបានខ្ពស់ ជាពិសេសធ្វើការជាមួយកុមារ៕