(ព្រះវិហារ)៖ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងឱ្យដឹងថា អាជ្ញាធរ ភូមិ ឃុំ សង្កាត់ មានតួនាទីសំខាន់ក្នុងការស្វែងរកអន្តរាគមន៍ពីសុខាភិបាលចំពោះអ្នកប្រើ និងអ្នកញៀនគ្រឿងញៀនកម្រិតស្រាល។
ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានលេីកឡេីងបែបនេះនៅក្នុងពិធីបិទសិក្ខាសាលាស្តីពីការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារនៃកិច្ចសហប្រតិបត្តិការអនុវត្តភូមិ ឃុំ ស គ្មានគ្រឿងញៀន នៅតំបន់ព្រំដែនកម្ពុជា-ថៃ-ឡាវ ក្រោមជំនួយLOA ឆ្នាំ២០២៤ នាល្ងាចថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ។
ក្នុងនាម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានថ្លែងថាការកសាងបាននូវភូមិស និងក្លាយជាឃុំស គ្មានគ្រឿងញៀនប្រជាពលរដ្ឋនឹងមានសុវត្ថិភាព ពោរពេញដោយការអភិវឌ្ឍ ហើយបានសំណូមពរដល់អាជ្ញាធរមូលដ្ឋានទាំងអស់លើកទឹកចិត្តជួយអន្តរាគមន៍ដល់អ្នកប្រើនិងអ្នកញៀនគ្រឿងញៀនកម្រិតស្រាលឱ្យទទួលបាននូវសេវាព្យាបាលអ្នកញៀនគ្រឿងញៀននៅតាមមណ្ឌលសុខភាព ពេទ្យបង្អែកនៅក្នុងសហគមន៍ព្រោះថាអ្នកញៀនគ្រឿងញៀននឹងមិនបញ្ឈប់ឡើយ ប្រសិនបើយើងមិនព្យាបាលគាត់ហើយការងារព្យាបាលនៅតាមសហគមន៍នេះគឺរក្សាបាននូវកិត្តិយស ការងារ ចំណេញនូវថវិកា។
លោក វ៉ាត់ ប៉ារ៉ានីន អភិបាលរងនិងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះវិហារបានថ្លែងសាទរចំពោះកិច្ចការខិតខំប្រឹងប្រែងរួមគ្នាឲ្យឱ្យសិក្ខាសាលាទទួលបានក៏បានលទ្ធផលល្អហើយលោកក៏បានផ្ដាំផ្ញើជាពិសេសចំពោះការរួមគ្នាអនុវត្តនូវផែនការ ផែនទីបង្ការទប់ស្កាត់ឆ្លងកាត់ព្រំដែននិងបំផុសឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវទាញយកនិងប្រើប្រាស់ App NoDrug ដើម្បីបង្កើនប្រសិទ្ធភាពការងារយុទ្ធប្រឆាំងគ្រឿងញៀនមូលដ្ឋាន បង្កើនផលិតភាពនៅភូមិ១ផលិតផល១ បង្កើតការងារ ។
សូមបញ្ជាក់ថា សិក្ខាសាលាមួយថ្ងៃនេះគឺសិក្ខាកាមទទួលបាននូវចំណេះដឹងពាក់ព័ន្ធនឹងការងារសំខាន់ៗសម្រាប់ដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានដើម្បីកសាងបាននូវភូមិ ឃុំ សគ្មានគ្រឿងញៀន ធាតុចូលយ៉ាងច្រើនពីវាគ្មិនកម្ពុជា ថៃ ពីយន្តការនៃការប្រយុទ្ធប្រឆាំងគ្រឿងញៀន អត្ថប្រយោជន៍App NoDrug ការចែករំលែកពីបទពិសោធន៍ល្អៗទាក់ទងនឹងការបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានពីប្រទេសថៃ និងបទបង្ហាញការអប់រំ បង្កា ព្យាបាលអ្នកញៀនគ្រឿងញៀនដោយក្រសួងសុខាភិបាល៕