(បាត់ដំបង)៖ ក្រុមការងារក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ដឹកនាំដោយលោករដ្ឋលេខាធិការ គង់ ច័ន្ទវាសនា និងមានការចូលរួមពីតំណាងរដ្ឋបាលខេត្ត អគ្គនាយកដ្ឋានកសិកម្ម និងមន្ទីរកសិកម្មខេត្ត នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នេះ បានចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករជី និងថ្នាំកសិកម្មចំនួនជាង២០០នាក់ នៅខេត្តបាត់ដំបង ដេីម្បីផ្សព្វផ្សាយអំពីគោលនយោបាយ និងកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ក្នុងការជំរុញអភិវឌ្ឍវិស័យកសិកម្ម ។
នាឱកាសនោះលោករដ្ឋលេខាធិការ បានលេីកឡេីងពី សមិទ្ធផលថ្មីៗដែលក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសម្រេចបានក្នុងឆ្នាំ២០២៤កន្លងទៅ ក្នុងការអនុវត្តគោល នយោបាយអាទិភាពទី៥ និងទី៦របស់រាជរដ្ឋាភិបាល រួមមានការជួយរក្សាលំនឹងថ្លៃកសិផល ការដាក់ពង្រាយមន្ត្រីកសិកម្មឃុំ និងការអភិវឌ្ឍសហគមន៍កសិកម្មទំនើប និងបានជម្រាបជូនបងប្អូនអាជីវករអំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងក្នុងការចុះដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករជាបន្តបន្ទាប់ផងដែរ។
ក្នុងនាមជាដៃគូ និងអ្នកនៅជាប់ជាមួយកសិករ តាមរយៈការផ្តល់បច្ចេកទេស និងការផ្គត់ផ្គង់ធាតុចូលកសិកម្ម លោកបានបានស្នើឱ្យអាជីវករជី និងថ្នាំកសិកម្មទាំងអស់ចូលរួមជាមួយរាជរដ្ឋាភិបាល និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការចែករំលែកព័ត៌មានល្អៗ និងវិជ្ជមាន ដេីម្បីជួយដល់កសិករ និងជៀសវាងផ្សព្វផ្សាយព័ត៌មានដែលបង្កចលាចល និងអសន្តិសុខសង្គម ដែលផ្តល់ផលអវិជ្ជមានដល់កសិករ និងវិស័យកសិកម្មទាំងមូល។
លោករដ្ឋលេខាធិការ បានស្នើឱ្យអាជីវករចែកចាយតែផលិតផលដែលស្របច្បាប់ ដែលមានការត្រួតពិនិត្យគុណភាព និងការចុះបញ្ជិកាត្រឹមត្រូវដោយក្រសួង និងបានស្នើឱ្យរដ្ឋបាលខេត្តបន្តកិច្ចសហការទប់ស្កាត់ចរាចរណ៍ផលិតផលខុសច្បាប់ និងចាត់វិធានការលេីការលក់ផលិតផលខុសច្បាប់ តាមបណ្តាញសង្គម។
បងប្អូនអាជីវករចូលរួម បានបង្ហាញក្តីរីករាយដែល បានទទួលព័ត៌មាន និងចំណេះដឹងថ្មីៗពាក់ព័ន្ធនឹងវិស័យកសិកម្ម ហើយប្តេជ្ញាចូលរួមគាំទ្រ និងជួយផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងព័ត៌មានវិជ្ជមាននានាក្នុងវិស័យកសិកម្មជាប្រយោជន៍កសិករ និងចូលរួមចំណែកអភិវឌ្ឍវិស័យកសិកម្ម៕