(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចុះត្រួតពិនិត្យក្នុងភូមិសាស្រ្តខេត្ត តាមដងផ្លូវជាតិលេខ ៦ ដែលជាចំនុចប្រឈម នឹងគ្រោះថ្នាក់ចរាចរណ៍ ចាប់ពីក្រុងស្ទឹងសែន រហូតដល់ស្រុកស្ទោង ព្រំប្រទល់ខេត្តសៀមរាប ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
លោកលើកឡងថាស្របតាមសម័យកាលប្រទេសជាតិមានភាពរីកចម្រើនកំនើនសម្ភារៈមធ្យោបាយរបស់បងប្អូនប្រជាពលរដ្ឋកើនឡើងឥតឈប់ឈរខេត្តកំពង់ធំជាខេត្តមួយ ដែលស្ថិតនៅចំណុចកណ្តាល នៃព្រះរាជាណាចក្រកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់តភ្ជាប់ពីខេត្តមួយ ទៅខេត្តមួយទៀត ជាសរសៃឈាម គមនាគមន៍ និងសេដ្ឋកិច្ចជាតិ ចរន្តអ្នកប្រើប្រាស់ផ្លូវមានភាពមមាញឹកពីមួយថ្ងៃទៅមួយថ្ងៃ គួរឲ្យកត់សម្គាល់ ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យដោះស្រាយបញ្ហាប្រឈម លោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់ការិយាល័យជំនាញ និងលោកអធិការនគរបាលក្រុង-ស្រុក ត្រូវសហការជាមួយជំនាញពាក់ព័ន្ធត្រូវដាក់ផ្លាកសញ្ញាចរាចរណ៍ ពិសេស សាជីតាមគោលដៅនីមួយៗ ដើម្បីពញ្ញាក់ស្មារតី បង្កើនការចាប់អារម្មណ៍ របស់អ្នកបើកបរ ឲ្យមានការប្រុងប្រយ័ត្ន ជៀសផុតពីហានិភ័យ ដែលកើតឡើងដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។
សូមរំលឹកដែរថា រយៈពេលកន្លងទៅថ្មីៗនេះ លោកស្នងការនគរបាលខេត្ត៖
១-បើកវគ្គបណ្តុះបណ្តាលបំប៉នជំនាញខ្លី ដល់កងកម្លាំង ជាពិសេស ក្បួន និងនីតិវិធីប្រតិបត្តិ របស់មន្ត្រីនគរបាលយុត្តិធម៌ សម្រាប់បទល្មើសចរាចរណ៍
ផ្លូវគោក។
២-ណែនាំ ដល់កងកម្លាំងត្រូវពង្រឹង ការអនុវត្តច្បាប់ និងបង្កើនការផ្សព្វផ្សាយអប់រំ ច្បាប់ចរាចរណ៍ផ្លូវគោក ដល់មហាជនគ្រប់ស្រទាប់វណ្ណៈ និងលើកកម្ពស់ ការយល់ដឹង ព្រមចូលរួមអនុវត្ត ឲ្យមានលទ្ធផលល្អប្រសើរ ។
៣-បញ្ចុះមន្ត្រីជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល អោយជួយសម្រួលចរាចរណ៍ បញ្ជៀសការកកស្ទះ តាមទីប្រជុំជន សាលារៀននានាជាដើម៕