(កណ្តាល)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សា​ផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច បានបន្តចាត់ក្រុមការងារនាំយកថវិការបស់សម្តេច ដើម្បីចូលរួមរំលែកទុក្ខជាមួយគ្រួសារដែលមានសមាជិកទទួលមរណភាពចំនួន ២១គ្រួសារ នៅក្នុងឃុំរកាកោងទី២ និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រាប់ដល់ភ្នាក់ងារសារព័ត៌មាន Fresh News នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោក លឹម លីន ជំនួយការផ្ទាល់របស់លោក ហាស់ វ៉ារី បានឱ្យដឹងថា ជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិត តាមរយៈលោក ហាស់ វ៉ារី តែងតែបានប្រគល់ជូនថវិកាជូនគ្រួសារដែលមានសមាជិកទទួលមរណជាបន្តបន្ទាប់ជាច្រើនគ្រួសារណាស់មកហើយ នៅក្នុងឃុំ រកាកោងទី2 និងឃុំព្រែកដំបង ក្នុងស្រុកមុខកំពូល ខេត្តកណ្ដាល។

លោក លឹម លីន បានបន្ថែមថា លោក ហាស់ វ៉ារី ក្រៅពីការជួយដល់សមាជិកគ្រួសារ ដែលមានសមាជិកទទួលមរណភាពហើយនោះ លោកក៏តែងតែបាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតចុះប្រគល់ដល់គ្រួសារដែលមានជីវភាពក្រីក្រក្នុងមូលដ្ឋាន ឃុំរកាកោងទី២ មានដូចជា៖ អង្គរ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកសុទ្ធ ទឹកដោះគោ តែ ថវិកា និងសម្ភារផ្សេងៗទៀត ដើម្បីជួយសម្រួលដល់ការលំបាករបស់ប្រជាពលរដ្ឋផងដែរ។

លោក លឹម លីន បានបញ្ជាក់ដែរថា កន្លងមកឱ្យតែមានប្រជាពលរដ្ឋទទួលមរណៈភាព សម្ដេចទាំងទ្វេ តែងតែបានចូលរួមរំលែកទុក្ខក្នុងមួយគ្រួសារសពនូវថវិកាចំនួន ១៥០,០០០រៀល ដើម្បីចូលរួមរំលែកទុក្ខ​ដែលមានក្រុមការងាររបស់លោក ហាស់ វ៉ារី ដើម្បីនាំយកថវិការបស់សម្ដេចចូលរួមរំលែកទុក្ខ​ជាមួយក្រុមគ្រួសារនៃសពផងដែរ។

ជាក់ស្តែងនាពេលនេះក្នុងចំណោមគ្រួសារសពទាំង ២១គ្រួសារនោះ ក្នុងមួយគ្រួសារ​ទទួលបានថវិកា ១៥០,០០០រៀល ដោយឡែកមានមួយគ្រួសារ បានឧបត្ថម្ភ ២៥ម៉ឺនរៀលសម្រាប់ទិញក្តាមឈូស និងបានឧបត្ថម្ភប៉ុស្តិ៍រដ្ឋបាលឃុំរកាកោងទី២ ចំនួន ១០ម៉ឺនរៀល សរុបអស់ថវិកា ៣,៣៥០,០០០រៀល។

នាឱកាសនោះដែរក្រុមគ្រួសារនៃសពទាំង ២១គ្រួសារ បានគោរពជូនពរសម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមជួបតែសេចក្ដីសុខ និងសេចក្ដីចម្រើនគ្រប់ប្រការ និងសូមគោរពជូនពរលោក ហាស់ វ៉ារី ទីប្រឹក្សាផ្ទាល់របស់សម្ដេច និងលោកស្រី ព្រមទាំងបុត្រា បុត្រី ចៅប្រុសចៅស្រីទាំងអស់សូមជួប​តែសេក្ដីសុខ និងសេចក្ដីចម្រើនផងដែរ៕