(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដាក់បទបញ្ជាដល់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាពាក់ព័ន្ធទាំងអស់ ធ្វើការស្រាវជ្រាវរកឲ្យឃើញនូវ
ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ដែលហ៊ានយកសត្វក្រពើ៩ក្បាល ងាប់ហើយ មកបោះចោលក្នុងស្ទឹងសង្កែ ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គមដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ សណ្តាប់ធ្នាប់សាធារណ: និង ដល់អនាម័យបរិស្ថាន។
លោកបានថ្លែងបែបនេះ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា «ភូមិឋានស្អាត បរិស្ថានបៃតង សង្គមចីរភាព» នៅសួនវិមានឯករាជ្យសម្តេចក្រឡាហោម ស ខេង ក្រុងបាត់ដំបង។
ឆ្លៀតក្នុងឱកាសនេះលោក សុខ លូ បានដាក់បទបញ្ជាយ៉ាងធ្ងន់ៗ ដល់មន្ទីរកសិកម្មខេត្ត មន្ទីរបរិស្ថានខេត្ត និងអាជ្ញាពាក់ព័ន្ធទាំងអស់ធ្វើការស្រាវជ្រាវរកឲ្យឃើញនូវម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើ ដែលហ៊ានយកសត្វក្រពើ៩ក្បាល ងាប់ហើយ មកបោះចោលក្នុងស្ទឹងសង្កែ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ពេញតាមបណ្តាញសង្គមដែលធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់សណ្តាប់ធ្នាប់សាធារណៈ និងដល់អនាម័យបរិស្ថាន។
លោកបានបន្តថា មកទល់ពេលនេះមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ពុំទាន់បានរកឃើញជនបង្កនេះ ដើម្បីយកមកធ្វើការផាកពិន័យ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ឲ្យរៀងចាលបាននៅឡើយទេ ដូច្នេះមន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដាច់ខាតត្រូវតែរកឲ្យឃើញជនបង្កនេះ បើរកមិនឃើញទេ ជំនាញពាក់ព័ន្ធត្រូវទទួលខុសត្រូវចំពោះមុខអភិបាលខេត្ត។
លោកអភិបាលខេត្តបានបន្តទៀតថា កន្លងមកយើងសង្កេតឃើញថា បញ្ហាអនាម័យបរិស្ថាន គឺនៅតាមផ្លូវថ្នល់ក្នុងឃុំ សង្កាត់មួយចំនួននៅមាន សំរាម ថង់ផ្លាសស្ទិក ហោះតាមថ្នល់ ពាសវាលពាលកាល ហើយមិនទាន់អនុវត្តបាននូវអនាម័យបរិស្ថានល្អនៅឡើយ ដូច្នេះសូមអាជ្ញាធរក្រុងស្រុកមួយចំនួន ត្រូវជម្រុញរឿងនេះ ធ្វើឲ្យបានល្អប្រសើរឡើងវិញ ព្រោះកិច្ចការទាំងនេះខេត្តបានផ្ទេរ ផ្តាច់ទៅឲ្យក្រុងស្រុក ជាអ្នកទទួលខុសត្រូវ និងអនុវត្តរួចអស់ហើយ។
បន្ថែមពីនេះ លោកបានរំលឹកថា ឆ្នាំកន្លងមកខេត្តបានបង្កើតព្រឹត្តការណ៍ ផ្ទះមួយខ្នងត្រូវដាំដើមឈើបាន១ដើម ដោយចាប់អនុវត្តពីសង្កាត់នានា ទីក្រុងបាត់ដំបងមុនគេ ពេលដាំហើយ ត្រូវប្រគល់ជូនម្ចាស់ផ្ទះនីមួយៗ ទទួលខុសត្រូវ ស្រោចទឹក ថែទាំ និងនៅស្រុកផ្សេងៗទៀតដាំតាមក្រោយជាបន្តបន្ទាប់។ តែមកទល់ពេលនេះនៅ តាមសង្កាត់ក្នុងទីក្រុងបាត់ដំបង មានដើមឈើមួយចំនួន បានងាប់អស់ហើយ តើក្រុងសង្កាត់ បានប្រាប់ម្ចាស់ផ្ទះគេឲ្យជួយមើលថែ ឬ យ៉ាងណា? រឿងនេះ អាជ្ញាធរ ក្រុងជាអ្នកទទួលខុសត្រូវ ដាំឡើងវិញម្តងទៀតនៅរដូវវស្សាឆ្នាំនេះ៕