Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសមុទ្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា (Video inside)

23-01-2025 17:50

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យលទ្ធភាព អភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងប្រតិបត្តិការដឹកជញ្ជូន តាមផ្លូវទឹក និងផ្លូវសមុទ្រ ឱ្យកាន់តែមានភាពប្រទាក់ក្រឡា ដើម្បីលើកកម្ពស់សកម្មភាពប្រកួតប្រជែង រួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ជំរុញឲ្យអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងប្រតិបត្តិការដឹកជញ្ជូន តាមផ្លូវទឹក និងផ្លូវសមុទ្រ តាមរយៈការពិនិត្យលទ្ធភាពធ្វើការតភ្ជាប់ប្រទាក់ក្រឡាជាមួយ បណ្តាញប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ ដូចជា ៖ ផ្លូវគោក ផ្លូវដែក និងកំពង់ផែ ដោយផ្តោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និងតំបន់សមុទ្រ»

លើសពីនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំណង់កំពង់ផែកុងតឺន័រទឹកជ្រៅ កំពង់ផែពហុបំណង កំពង់ផែទេសចរណ៍ និង មណ្ឌលអាជីវកម្មកំពង់ផែ, ជាពិសេស ការអភិវឌ្ឍប្រែក្លាយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ (Regional Port) និង មជ្ឈមណ្ឌលឡូជីស្ទីក (Logistics Hub) នាពេលអនាគត ដើម្បីលើកកម្ពស់សកម្មភាពប្រកួតប្រជែង, រួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិរយៈពេលវែង។

ជាមួយគ្នានេះ សម្តេចបរធិបតី បានបន្តជំរុញការអនុវត្ត និងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនឡូជីស្ទីកឱ្យកាន់តែមានភាពប្រទាក់ក្រឡារវាងប៉ូលសេដ្ឋកិច្ចនៃភូមិភាគកណ្តាល ភូមិឥសាន និងភូមិភាគនិរតី និងជំរុញបណ្តាញខ្សែតភ្ជាប់ទៅកាន់តំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ប្រវត្តិសាស្រ្ត និងតំបន់ព្រំដែន រួមទាំងការសាងសង់ស្ពានទន្លេល្ពៅ និងផ្លូវតភ្ជាប់រវាងខេត្តព្រះវិហារជាមួយខេត្តចំប៉ាសាក់ និងផ្លូវតភ្ជាប់ផ្សេងទៀតទៅកាន់ក្រវ៉ាត់ព្រំដែន៕