(ភ្នំពេញ)៖ នៅព្រឹកថ្ងៃនេះទី២១ ខែតុលា ឆ្នាំ២០១៦ ជាថ្ងៃដែលតុលាការក្រុងភ្នំពេញ កោះហៅលោក សម រង្ស៊ី ចូលខ្លួនមកសាកសួរជុំវិញករណី ញុះញង់ បង្កចលាចលប៉ះពាល់សន្តិសុខសង្គម ប៉ុន្តែលោក សម រង្ស៊ី ពុំមានវត្តមាននៅកម្ពុជានោះទេ។
សូមជំរាបថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាមួយទៀត ដោយធ្វើការកោះហៅលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ មកសាកសួរជុំវិញករណី ញុះញង់ បង្កចលាចលប៉ះពាល់សន្តិសុខសង្គម កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅ នេះបើយោងតាមដីការបស់ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក សៀង សុខ។
នៅក្នុងដីការបស់ព្រះរាជអាជ្ញារង សៀង សុខ បានបញ្ជាក់ថា សូមអញ្ជើញលោក សម រង្ស៊ី ជាជនសង្ស័យ ឲ្យចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ វេលាម៉ោង៩ព្រឹក ដើម្បីសាកសួរ។
មន្រ្តីនគរបាលធ្លាប់បាននិយាយប្រាប់អង្គភាព Fresh News ឲ្យដឹងថា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦នេះ ក្រុមមន្រ្តីនគរបាលយុត្តិធម៌ បានយកដីកានេះ ទៅប្រគល់ជូននៅឯទីស្នាក់ការកណ្តាល គណបក្សសង្គ្រោះជាតិ។ មន្រ្តីតុលាការបានបញ្ជាក់ថា ការចេញដីកាកោះហៅ លោក សម រង្ស៊ី នៅពេលនេះធ្វើឡើងតាមរបាយការណ៍របស់សមត្ថកិច្ចក្រសួងមហាផ្ទៃ៕