(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឲ្យប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរសព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឲ្យអនុវត្ត កន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «បន្តកិច្ចសហការជាមួយក្រសួងមហាផ្ទៃ ពិសេសអគ្គស្នងការនគរបាលជាតិ ក្នុងការលើកកម្ពស់ចរាចរណ៍ សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានម៉ឺងម៉ាត់ ហើយសូមជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរសព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឲ្យអនុវត្ត កន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា»។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងឲ្យបង្កើនការត្រួតពិនិត្យជាតិស្រវឹងឡើងវិញ ពិសេសនៅពេលរាត្រី និងណែនាំឲ្យបង្កើនការយកចិត្តទុកដាក់ លើករណីចរាចរណ៍ ស្របពេលសម្តេច បានសម្តែងក្តីបារម្ភ រឿងអត្រាអ្នកស្លាប់ច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវ៦០ម៉ែត្រ នឹងត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវផងដែរ។

សូមជម្រាបថា នៅឆ្នាំ២០២៤ គ្រោះថ្នាក់ចរចរណ៍ផ្លូវគោកបានកើតឡើង ២.៨៤៤លើក នៅទូទាំងប្រទេស។ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្ហាញថា នៅឆ្នាំ២០២៤ មានមនុស្សប្រមាណជាង ១.៥០៩នាក់ បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ខណៈអត្រាអ្នកស្លាប់នេះ មាននិន្នាការថយចុះចំនួន ៨១នាក់ ឬស្មើ៥% បើប្រៀបធៀបនឹងឆ្នាំ២០២៣ ដែលមានអ្នកស្លាប់ចំនួន ១.៥៩០នាក់៕