(ភ្នំពេញ)៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានចេញមកបញ្ជាក់ថា គុណភាពខ្យល់នៅកម្ពុជា មានភាពល្អប្រសើរ មិនប៉ះពាល់ដល់សុខភាព របស់ពលរដ្ឋនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋកុំព្រួយបារម្ភចំពោះការចែកចាយនៅតាមបណ្ដាញសង្គមឱ្យសោះ ខណៈក្រុមការងារបច្ចេកទេសរបស់ក្រសួងបរិស្ថាន បានតាមដានជាប់ជាប្រចាំ។
ការចេញមកបញ្ជាក់យ៉ាងច្បាស់បែបនេះ របស់អ្នកក្រសួងបរិស្ថានកម្ពុជា បានធ្វើឡើងបន្ទាប់ពីមានអ័ព្ទធ្លាក់ចុះដែលធ្វើឱ្យអ្នកលេញបណ្តាញសង្គម និងប្រជាពលរដ្ឋមួយចំនួនមានការព្រួយបារម្ភតៗគ្នាថា នៅរាជធានីភ្នំពេញ មានផ្សែងពុលជាដើម។ ត្បិតកំហាប់ភាគល្អិតនៃការបំពុលខ្យល់ នៅកម្ពុជា បានកើនឡើងដល់កម្រិតជាង៣០មីក្រូក្រាម ក្នុងមួយម៉ែត្រគូបក្តី ប៉ុន្តែកម្រិត នេះមិនបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈឡើយ។
លោកបានគូសបញ្ជាក់ថា មកដល់ថ្ងៃនេះនៅប្រទេសកម្ពុជា មិនមានផ្សែងពុលណាមួយបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សនោះទេ បន្ថែមពីនេះ ក្រសួងបរិស្ថាន បានបំពាក់ឧបករណ៍តាមដានគុណភាពខ្យល់នៅទូទាំង២៥ រាជធានី-ខេត្ត ព្រមទាំងមានរថយន្តសម្រាប់វាស់គុណភាពខ្យល់ ចល័ត ប្រសិនបើមានករណីសង្ស័យថាតំបន់ណាមួយមានការសង្ស័យ។
ជាមួយគ្នានេះ លោកបានឱ្យដឹងថា «បន្ទាប់ពីក្រុមការងារបច្ចេកទេស បានប្រើរថយន្ត ក៏ដូចជាឧបរណ៍សម្រាប់តាមដានកម្រិតគុណភាពខ្យល់ ដែលត្រូវបានតំឡើងនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជារថយន្តចល័ត ចេញធ្វើការវិភាគទៅលើគុណភាពខ្យល់ បានបង្ហាញថាគុណភាពខ្យល់នៅក្នុងរាជធានីភ្នំពេញ មិនមានផលអាក្រក់ដល់សុខភាពនោះទេ គឺនៅក្នុងកម្រិតល្អជាប្រក្រតី»។
លោកបានអំពាវនាវសូមឱ្យប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភឱ្យសោះ ក្រុមការងារបច្ចេកទេស របស់ក្រសួងបរិស្ថាន តាមដានជាប់ជាប្រចាំ។ បន្ថែមពីនេះលោករដ្ឋមន្ត្រីក្រសួងបរិស្ថានឱ្យប្រជាពលរដ្ឋ ដែលមានបំណងតាមដាន គុណភាពខ្យល់នៅក្នុងប្រទេសកម្ពុជា សូមតាមដានរបស់ App របស់ក្រសួងបរិស្ថាន ដែលមានភាពសុក្រឹត ច្បាស់លាស់ជាងការប្រើប្រាស់ App ដទៃ ដែលមិនមានវិសាលភាពនៃគ្របដណ្តប់ទូលំទូលាយ និងច្បាស់លាស់ដូច App របស់ក្រសួងស្ថាន។
កន្លងមក ក្រសួងបរិស្ថាន បានស្នើឱ្យអភិបាលរាជធានី ខេត្តទាំង២៥ ណែនាំប្រជាពលរដ្ឋកុំឱ្យដុតរានព្រៃ វាលស្មៅ ដុតប្លាស្ទិក សំណល់កសិកម្ម គល់ជញ្ជ្រាំង សំរាម សំណល់រឹង ប្លាស្ទិក និងការដុតសំណល់ផ្សេងៗទៀតនៅទីចំហ ដែលជាហេតុបង្កឱ្យមានការកើនឡើងការបំពុលបរិយាកាស។ ក្រសួងបរិស្ថាន បាននែនាំឱ្យពង្រឹងការទប់ស្កាត់ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំណល់កសិកម្ម សំរាម ការបោះចោល និងដុតសំណល់ប្លាស្ទិក និងការឆេះទីលានចាក់សំរាម និងត្រូវចាត់វិធានការទប់ស្កាត់ការហុយធូលីនៅការដ្ឋានសំណង់ និងការដឹកជញ្ជូនសម្ភារសំណង់»។ ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យសម្អាតធូលី និងធ្វើអនាម័យតាមដងផ្លូវ និងទីសាធារណៈឱ្យបានជាប់ជាប្រចាំផងដែរ។
សូមជម្រាបថា តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ការចុះអ័ព្ទនេះគឺចាប់ផ្តើមពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចន្លោះចាប់ពីម៉ោង២៖០០រំលងអធ្រាត្រ ទៅម៉ោង៧៖០០ព្រឹក៕