(តាកែវ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ និងបើកបវេសនកាលឆ្នាំសិក្សា២០២៤-២០២៥ នៅវិទ្យាស្ថានសន្តប៉ូល ស្ថិតនៅក្នុងឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ពិធីនេះមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង លោក លោកស្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្ស សរុបប្រមាណ ៨៦០នាក់។
ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី បានអបអរសាទរដល់និស្សិតជ័យលាភីទាំងអស់ រួមជាមួយគ្រួសារ អាណាព្យាបាល ព្រមទាំងសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង បង្រៀនរបស់សាស្ត្រាចារ្យ និងការខិតខំសិក្សារបស់និស្សិត ក្នុងរយៈពេល៤ឆ្នាំកន្លងមក រហូតសម្រេចលទ្ធផលដ៏គួរជាទីមោទនៈ។
ស្របជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានផ្តាំផ្ញើនិស្សិតជ័យលាភីទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងអភិវឌ្ឍសមត្ថភាពបន្ថែម ស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ ព្រមទាំងត្រូវបំពេញការងារ ដោយយកចិត្តទុកដាក់ ទំនួលខុសត្រូវខ្ពស់ និងមានក្រមសីលធម៌ល្អ ជាពិសេស ត្រូវធ្វើជាយុវជនគំរូ និងជារៀមច្បង ដែលមានវប្បធម៌ចែករំលែកចំណេះដឹង និងបទពិសោធដល់សិស្សប្អូនជំនាន់ក្រោយ កសាងទំនាក់ទំនងល្អ និងមានសាមគ្គីភាពជាមួយនឹងមិត្តដែលសិក្សារួមជំនាន់៕