Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញបញ្ចប់នីតិវិធី ការចរចាកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញ នូវការវិនិយោគក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (Video inside)

23-01-2025 17:10

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានជំរុញឲ្យបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀង សម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញ នូវការវិនិយោគក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ នៅក្នុងប្រទេសកម្ពុជា។

ការជំរុញបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាធិបតីភាព ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ជំរុញបញ្ចប់នីតិវិធី នៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគ ក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលមានការចូលរួម ពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ រួមទាំងធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា»

ជាងនេះទៅទៀត សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានជំរុញឲ្យក្រសួងសាធារណការ ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ដើម្បីពង្រីកផ្លូវដែក ដែលមានស្រាប់នៅក្នុងប្រទេសកម្ពុជា។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងត្រូវជំរុញការសិក្សា និងពិនិត្យលទ្ធភាពស្វែងរកដៃគូវិនិយោគ និងដៃគូអភិវឌ្ឍលើការអភិវឌ្ឍប្រព័ន្ធផ្លូវដែកល្បឿនលឿន ដោយគិតគូរ ឱ្យបានច្បាស់លាស់អំពីការរៀបចំផែនការមេ អភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា, ជម្រើសការវិនិយោគ, ប្រសិទ្ធភាពសេដ្ឋកិច្ច និងផលប៉ះពាល់ផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទ និងការកាត់បន្ថយការកកស្ទះចរាចរណ៍។

ជាពិសេសការជំរុញអនុវត្តកិច្ចព្រមព្រៀងទ្វេភាគី កម្ពុជា-ថៃ ឆ្នាំ២០១៩ ស្តីពី ការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាព លើការសាងសង់ស្ថានីយរថភ្លើង អន្តរជាតិថ្មីនៅតំបន់ស្ទឹងបត់ ជំនួសឲ្យស្ថានីយប៉ោយប៉ែត។ នេះជាការបញ្ជាក់បន្ថែម របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានឲ្យដឹងផងដែរថា ស្រុកក្រគរ ខេត្ដពោធិ៍សាត់ នឹងរៀបចំឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅពេលខាងមុខ ហើយត្រូវរៀបចំប្រព័ន្ធដឹកជញ្ជូន ឲ្យបានល្អប្រសើរ ពិសេសការប្រើប្រាស់ផ្លូវដែក។ ជាមួយគ្នានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជា មិនមានតម្រូវការវិនិយោគ សាងសង់រថភ្លើងល្បឿនលឿន ដែលចំណាយថវិការាប់ពាន់លានដុល្លារនោះទេ ពោលគ្រាន់តែកែសម្រួលអ្វីដែលមានស្រាប់។

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបង្ហាញក្ដីបារម្ភរឿងរថភ្លេីងបុកឡាន ឬឡានបុករថភ្លេីង ដោយសារមានការតភ្ជាប់ នៅក្បែរភូមិឋានរបស់ប្រជាពលរដ្ឋផងដែរ៕