(ភ្នំពេញ)៖ ដោយមានការយកចិត្តទុក្ខដាក់គិតគូ និងជួយសម្រួលដល់ការលំបាកផង សម្រាប់ការធ្វើបុណ្យសព និងអ្នករងរបួសផងនោះ ជនរងគ្រោះដែលស្លាប់ និងរបួសក្នុងព្រឹត្តិការណ៍ប្រជ្រៀតគ្នាពេលទៅទទួលអាំងប៉ាវ នៅភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា សុខ ហុង បានឧបត្ថម្ភគ្រួសារសព និងអ្នករងរបួស។ សម្រាប់អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភគ្រួសារសពម្នាក់៥លានរៀល និងអ្នករងរបួស២លានរៀល។ ដោយឡែកអ្នកឧកញ៉ា សុខ គង់ និងកូនប្រុសគឺអ្នកឧកញ៉ា សុខ ហុង បានឧបត្ថម្ភគ្រួសារសពម្នាក់៦ពាន់ដុល្លារ និងអ្នករងរបួស៤លានរៀល។
ថវិកាដែលជាអំណោយរបស់លោក ឃួង ស្រេង ត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ អមដំណើរដោយលោក ជា ខេមរា អភិបាលខណ្ឌដូនពេញ និងលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាននាំយកទៅប្រគល់ជូនដល់ដៃញាតិរបស់ជនរងគ្រោះនៅមន្ទីរពេទ្យអង្គឌួង និងមន្ទីរពេទ្យកាម៉ែត នាវេលាថ្ងៃត្រង់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។
បើតាមលោក សុខ ពេញវុធ, លោក ឃួង ស្រេង បានចាត់ឱ្យលោកនាំយកអំណោយជាថវិកា មកប្រគល់ជូនគ្រួសារជនរងគ្រោះ ដោយសពរងគ្រោះម្នាក់ ទទួលបានថវិកាចំនួន ៥លានរៀល និង២លានរៀល សម្រាប់ជនរងគ្រោះ ដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះ។
ជាមួយគ្នានោះដែរ អ្នកឧកញ៉ា សុខ គង់ និងអ្នកឧកញ៉ា សុខ ហុង ក៏បានផ្ដល់ជាអំណោយចំនួន៦ពាន់ដុល្លារសម្រាប់សពម្នាក់ និង៤លានរៀល សម្រាប់ជនរងគ្រោះ ដែលរងរបួសនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ ដោយឡែក សម្រាប់ការដឹកជញ្ជូនសពទៅស្រុកកំណើត និងក្ដារមឈូសត្រូវបានលោក ជា ខេមា អភិបាលខណ្ឌដូនពេញ ជាអ្នកធានារ៉ាប់រង។
ក្នុងហេតុការណ៍នេះ បានបណ្តាលឱ្យមនុស្សស្លាប់ស្លាប់៤នាក់ និងរបួស៥នាក់រូមមាន៖
*ទី១៖ ឈ្មោះ ម៉ាន់ ស៊ីយ៉ាន ភេទប្រុស អាយុ៧១ឆ្នាំ ស្នាក់នៅភូមិដើមចន្ទ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
*ទី២៖ ឈ្មោះ គង់ វ៉ាន់ថា ភេទស្រី អាយុ៦៧ឆ្នាំ ស្នាក់នៅភូមិកំរៀង ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
*ទី៣៖ ឈ្មោះ យស់ សារឿន ភេទស្រី អាយុ៦៥ឆ្នាំ មុខរបរលក់ការ៉េម ស្នាក់នៅត្រឡោកបែក និងមានស្រុកកំណើត ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
*ទី៤៖ មិនទាន់មានបងប្អូន និងញាតិសណ្តាន។
ចំណែកអ្នកដែលរងរបួស៥នាក់ រួមមាន៖
*ទី១៖ ឈ្មោះ នូ ស៊ីណា ភេទស្រី អាយុ៣៥ឆ្នាំ មកពីឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល
*ទី២៖ ឈ្មោះ ស៊ូ សាលី ភេទប្រុស អាយុ១៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ
*ទី៣៖ ឈ្មោះ កែវ ភឿក ភេទប្រុស អាយុ៦៥ឆ្នាំ មកពីខណ្ឌឬស្សីកែវ
*ទី៤៖ ឈ្មោះ ឡោ សាំ ភេទស្រី អាយុ៧៣ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន
*ទី៥៖ ឈ្មោះ យិត តុន ភេទប្រុស អាយុ៧៥ឆ្នាំ មានស្រុកកំណើតនៅស្រុស្វាយអន្ទរ ខេត្តព្រៃវែង។
សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២៣ ខែមករា មានហេតុការណ៍ភ្ញាក់ផ្អើល នៅពេលប្រជាពលរដ្ឋជាច្រើន បាននាំគ្នាប្រជ្រៀតចូលទៅទទួលអំណោយ (អាំងប៉ាវ) នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ នៅបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្ដាលឲ្យមានអ្នកដួលសន្លប់ជាបន្តបន្ទាប់ ត្រូវបានកម្លាំងអាជ្ញាធរចុះសម្របសម្រួល និងបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់ទៅមន្ទីរពេទ្យ។
ក្នុងនោះជនរងគ្រោះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ព្រះអង្គឌួងចំនួន៤នាក់ ស្លាប់២នាក់ និងបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត៥នាក់ ស្លាប់២នាក់៕