(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញជាធិបតីភាពក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដឆ្នាំ២០២៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

សន្និបាតបូកសរុបលទ្ធផលការងារវិស័យសាធារណការ និងដឹកជញ្ជូន បានចាប់ផ្ដើមដំណើរការនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ដឹកនាំដោយលោក ប៉េង ពោធិ៍នា រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន។

សន្និបាតនេះ ដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃឡើងវិញរួមគ្នា លើវឌ្ឍនភាពការងាររបស់វិស័យសាធារណការ និងដឹកជញ្ជូន ដែលក្រសួងសម្រេចបានក្នុងរ ពេលមួយឆ្នាំកន្លងទៅ ក៏ដូចជាពិភាក្សាពីបញ្ហាប្រឈមនានា និងលើកទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់ ក្នុងស្មារតីចូលរួមអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងបុព្វហេតុចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ផ្ដើមសុន្ទរកថាជាមួយការបង្ហាញនូវក្ដីរីករាយ ដែលបានអញ្ជើញចូលរួមក្នុងបិធី បិទសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

* សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត បានថ្លែងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់នៃ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានប្ដេជ្ញាចិត្តខ្ពស់ក្នុងការបំពេញការងារ និងសម្រេចបាននូវសមិទ្ធផល ជាបន្តបន្ទាប់ ជាពិសេសនៅក្នុងរយៈពេល១ឆ្នាំ ដើមអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

* សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត សរសើរចំពោះរដ្ឋមន្រ្តីក្រសួងសាធារណការ ដែលបានដាក់ចេញនូវការដ្ឋានកែទម្រង់ និងទិសដៅជាយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង ដោយឈរលើមូលដ្ឋាន នៃសមិទ្ធផលសម្រេច បាននាពេលកន្លងមក ព្រមទាំងតម្រង់ទិសឆ្ពោះទៅចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ប្រកបដោយភាពជាក់ស្ដែង និងប្រាកដនិយម ដើម្បីលើកកម្ពស់អភិបាលកិច្ច សមត្ថភាព និងគុណភាពស្ថាប័ន ស្របតាមអភិក្រម «ជវភាព នៃប្រព័ន្ធតួអង្គតែមួយ»។

* សម្ដេចបរវធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តចាត់ទុកវិស័យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ជាវិស័យអាទិភាពគន្លឹះមួយ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍប្រទេសជាតិ និងលើកកម្ពស់កំណើនសេដ្ឋកិច្ច តាមរយៈការតភ្ជាប់ប្រទាក់ក្រឡា និងសមាហរណកម្មផ្ទៃក្នុង និងតំបន់, ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងការរីកចម្រើននៃប្រព័ន្ធឡូជីស្ទីក។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កត់សម្គាល់ថា អង្គសន្និបាតរបស់ក្រសួងសាធារណការ ពិតជាបានឆ្លុះបញ្ចាំងអំពីសមិទ្ធផលការងារសម្រេចបាន និងទិសដៅការងារសម្រាប់ឆ្នាំបន្ទាប់, តាមរយៈកិច្ចពិភាក្សា និងការផ្លាស់ប្តូរ មតិយោបល់ជំនាញ និងបទពិសោធរវាងថ្នាក់ដឹកនាំ មន្ត្រីរាជការ និងភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលនេះជាធាតុចូលយ៉ាងសំខាន់សម្រាប់លើកទិសដៅអភិវឌ្ឍន៍វិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជាឲ្យកាន់តែមាន ភាពប្រសើរឡើង។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីដើមអាណត្តិទី៧ រហូតមកដល់ដំណាច់ ឆ្នាំ២០២៤ ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចបាននូវសមិទ្ធផលជាច្រើនគួរឲ្យកត់សម្គាល់ ឆ្លើយតបបានទៅនឹងអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសការកំណត់នូវចក្ខុវិស័យសំខាន់ៗចំនួន ២ គឺ១៖ ការលើកកម្ពស់សេវាដឹកជញ្ជូន តាមរយៈការអភិវឌ្ឈ និងបន្តធ្វើទំនើបកម្មការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការគ្រប់គ្រង និងការផ្តល់សេវាលឿន រហ័ស តម្លាភាព ប្រសិទ្ធភាព ងាយស្រួល និងជឿទុកចិត្ត និង២៖ ការលើកកម្ពស់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ ឡូជីស្ទីក និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឲ្យមានគុណភាព សុវត្ថិភាព ចីរភាព ភាពធន់ និងបរិយាប័ន្ន។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រយៈពេល១៧ខែកន្លងមកនេះ សមិទ្ធផលរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនជាច្រើន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ខាងមុខ នឹងរៀបចំពិធីសម្ពោធកំពង់ផែអន្ដរជាតិខេត្តកំពត។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែ នឹងមានឱកាសដើម្បីដំណើរការអាជីវកម្មរាប់រយឆ្នាំ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមិទ្ធផលដែលក្រសួងសម្រេចបានកន្លងមក បានជួយសម្រួលដល់ការតភ្ជាប់ប្រទាក់ក្រឡា ការធ្វើដំណើរ និងការដឹកជញ្ជូន ព្រមទាំងចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និង ចាប់យកកាលានុវត្តភាពថ្មីៗ ដូចជា ៖ ការទាក់ទាញវិនិយោគផ្ទាល់ និងទេសចរណ៍ពីបរទស ដើម្បីរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅក្នុងស្ថានភាព ដែលភូមិសាស្ត្រនយោបាយសកលមានលក្ខណៈកាន់តែស្មុគស្មាញ ហើយផលប៉ះពាល់ពីស្ថានភាពសង្គ្រាមកាន់តែធ្ងន់ធ្ងរ, តម្រូវឱ្យយើងត្រូវខិតខំពង្រឹង សមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការដោះស្រាយបាននូវការលំបាកនានាចំពោះមុខ ដើម្បីធានាចីវភាព នៃកំណើនសេដ្ឋកិច្ច និងពង្រីកសក្តានុពល និងប្រសិទ្ធភាពសេដ្ឋកិច្ចជាអតិបរមា, ជាពិសេសការបង្កើនតម្លៃសេដ្ឋកិច្ច ក្នុងវិស័យដឹកជញ្ជូន និងការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ដែលជាចំណែកមួយ នៃការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងសាធារណការ ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ តាមរយៈការកែលម្អ និងបង្កើតកម្រង សេវាថ្មីៗ ការធ្វើទំនើបកម្ម និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ បន្ថែមទៀត និងការគិតគូរ អំពីជម្រើសអាទិភាពផ្សេងៗនៃការផ្តល់សេវាឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព តម្លាភាព រហ័ស ងាយស្រួល និងភាពជឿទុកចិត្ត។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្តជំរុញការអភិវឌ្ឍ និងតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីក ឲ្យកាន់តែមានភាពប្រទាក់ក្រឡារវាងតំបន់ប៉ូលសេដ្ឋកិច្ចនៃភូមិភាគកណ្ដាល ភូមិភាគឦសាន និងភូមិភាគនិរតី និងជំរុញការអភិវឌ្ឍបណ្តាញខ្សែផ្លូវតភ្ជាប់ទៅកាន់តំបន់ដែលមានសក្តានុពល សេដ្ឋកិច្ច ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ព្រំដែន។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងត្រូវជំរុញបញ្ចប់គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដើម្បីឈានទៅរកការសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ហើយត្រូវជំរុញបញ្ចប់ការសិក្សា និងនីតិវិធីផ្សេងៗ ដើម្បីត្រៀមបើកការដ្ឋានគម្រោងផ្លូវស្ពានមួយចំនួនទៀតតាមការគ្រោងទុកនាពេលខាងមុខនេះ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងបន្តជំរុញការតាមដាន និងត្រួតពិនិត្យលើការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូននានាដែលបានប្រកាសបើកការដ្ឋាន និងកំពុងដំណើរការសាងសង់ ដើម្បីបញ្ចប់ឲ្យបានតាមផែនការគ្រោងទុក និងធានាបាននូវគុណភាព និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យអភិវឌ្ឍបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងប្រតិបត្តិការដឹកជញ្ជូន តាមផ្លូវទឹក និងផ្លូវសមុទ្រ, តាមរយៈការពិនិត្យលទ្ធភាពធ្វើការតភ្ជាប់ប្រទាក់ក្រឡាជាមួយ បណ្តាញប្រព័ន្ធដឹកជញ្ជូន ពហុមធ្យោបាយ ដូចជា៖ ផ្លូវគោក ផ្លូវដែក និងកំពង់ផែ ដោយផ្តោតអាទិភាពលើការតភ្ជាប់រវាងតំបន់ទីក្រុង, តំបន់ទីប្រជុំជន, តំបន់ផលិតកម្មកសិកម្ម, តំបន់ឧស្សាហកម្ម, តំបន់ទេសចរណ៍ និងតំបន់សមុទ្រ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បន្តជំរុញឲ្យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ សំណង់កំពង់ផែកុងតឺន័រទឹកជ្រៅ កំពង់ផែពហុបំណង កំពង់ផែទេសចរណ៍ និងមណ្ឌលអាជីវកម្មកំពង់ផែ, ជាពិសេស ការអភិវឌ្ឍប្រែក្លាយ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ទៅជាកំពង់ផែតំបន់ (Regional Port) និងមជ្ឈមណ្ឌលឡូជីស្ទីក (Logistics Hub) នាពេលអនាគត ដើម្បីលើកកម្ពស់សកម្មភាពប្រកួតប្រជែង, រួមចំណែកទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ រយៈពេលវែង។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញបញ្ចប់នីតិវិធីនៃការចរចាលើកិច្ចព្រមព្រៀងសម្បទានផ្លូវដែកថ្មី ដោយកំណត់ឡើងវិញនូវការវិនិយោគក្នុងទម្រង់ភាពដៃគូរវាងរដ្ឋ និងឯកជន (PPP) ដែលមានការចូលរួម ពីដៃគូយុទ្ធសាស្ត្រថ្មី ដើម្បីលើកកម្រិត និងធ្វើឱ្យប្រសើរឡើងផ្លូវដែក ដែលមានស្រាប់ រួមទាំង ធានានូវប្រសិទ្ធភាពនៃការគ្រប់គ្រង និងប្រតិបត្តិការផ្លូវដែកនៅកម្ពុជា។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងសាធារណការ ត្រូវសហការជាមួយក្រសួងពាក់ព័ន្ធ និងក្រុមហ៊ុនឯកជន ដើម្បីពង្រីកផ្លូវដែកដែលមានស្រាប់។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ក្រសួងត្រូវជំរុញការសិក្សា និងពិនិត្យលទ្ធភាពស្វែងរកដៃគូវិនិយោគ និងដៃគូអភិវឌ្ឍលើការអភិវឌ្ឍប្រព័ន្ធផ្លូវដែកល្បឿនលឿន ដោយគិតគូរឱ្យបានច្បាស់លាស់អំពីការរៀបចំផែនការម អភិវឌ្ឍវិស័យផ្លូវដែកនៅកម្ពុជា, ជម្រើសការវិនិយោគ, ប្រសិទ្ធភាពសេដ្ឋកិច្ច និងផលប៉ះពាល់ ផ្សេងៗ ដើម្បីសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនគ្រប់ប្រភេទ និងការកាត់បន្ថយការកកស្ទះចរាចរណ៍, ជាពិសេសការជំរុញ អនុវត្តកិច្ចព្រមព្រៀងទ្វេភាគីកម្ពុជា-ថៃ ឆ្នាំ២០១៩ ស្តីពី ការធ្វើចរាចរណ៍ផ្លូវដែករួមគ្នា និងការសិក្សាពិនិត្យលទ្ធភាពលើការសាងសង់ស្ថានីយរថភ្លើង អន្តរជាតិថ្មីនៅតំបន់ស្ទឹងបត់ ជំនួសឲ្យយស្ថានីយប៉ោយប៉ែត។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ស្រុកក្រគរ នឹងរៀបចំឲ្យមានតំបន់សេដ្ឋកិច្ចពិសេសនៅពេលខាងមុខ, ត្រូវរៀបចំប្រព័ន្ធដឹកជញ្ជូនឲ្យបានល្អប្រសើរ ពិសេសការប្រើប្រាស់ផ្លូវដែក។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមិនមានតម្រូវការវិនិយោគសាងសង់រថភ្លើងល្បឿនលឿន ដែលចំណាយថវិការាប់ពាន់លានដុល្លារនោះទេ ពោលគ្រាន់តែកែសម្រួលអ្វីដែលមានស្រាប់។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បារម្ភរឿងរថយន្ដបុកឡាន ឬឡានបុករថយន្ដភ្លើង ដោយសារមានការតភ្ជាប់នៅក្បែរភូមិឋានរបស់ប្រជាពលរដ្ឋ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញអនុវត្តគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ (PP-LC) និងគម្រោងអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (SHV-LC) ហើយត្រូវគិតគូរលើការជំរុញគាំទ្រ ដល់វិនិយោគលើគម្រោងអាទិភាពនានា ដែលបានកំណត់នៅក្នុងផែនការមេគ្រប់ជ្រុងជ្រោយ ស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា២០២៣-២០៣៣។

* ចំពោះការងារអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រកទ្វារព្រំដែន និងការងារដឹកជញ្ជូនឆ្លងកាត់ព្រំដែន, សម្តេចសូមក្រសួងបន្តពង្រឹងកិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ, រដ្ឋបាលរាជធានី-ខេត្ត និងដៃគូអភិវឌ្ឍ ក្នុងការអភិវឌ្ឍ និងកែលម្អឲ្យកាន់តែប្រសើរឡើងថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងនីតិវិធីផ្សេងៗនៅច្រកទ្វារព្រំដែន និងដោះស្រាយបញ្ហាប្រឈមនានាចំពោះមុខ ដើម្បីសម្រួលដល់ការដឹកជញ្ជូន, ពាណិជ្ជកម្ម និងទេសចរណ៍ឆ្លងកាត់ព្រំដែន និងរួមចំណែកការធ្វើសមាហរណកម្មសេដ្ឋកិច្ចជាមួយប្រទេសជិតខាង និងក្នុងតំបន់។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រព័ន្ធដឹកជញ្ជូនមានសារៈសំខាន់ មិនត្រឹមតែបម្រើឲ្យក្នុងប្រទេស ក៏មានសារៈសំខាន់ក្នុងការប្រកួតប្រជែងនៅក្រៅប្រទេស។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវល្អហើយ នីតិវិធីនៅច្រកទ្វារព្រំដែនស្មុគស្មាញ់ ក៏ជះឥទ្ធិលមិនល្អ តែកន្លងទៅបានកែសម្រួលច្រើន ពាក់ព័ន្ធគយ នៅតាមច្រក និងកំពង់ផែ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នីតិវិធីខ្លះប្រើប្រាស់យូរឆ្នាំ ដូច្នេះដើម្បីលឿនត្រូវលុបបំបាត់ភាពស្មុញស្មាញ់ កុំអនុវត្តម្ដងទាំងអស់ត្រូវអនុវត្តជាជំហាន

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា បើកែសម្រួលលិខិតបទដ្ឋានទូទាំងប្រទេស ងាយស្រួលទេ ប៉ុន្ដែលំបាកគឺការអនុវត្ត។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រលានយន្ដហោះថ្មីនៅភ្នំពេញ ជាកន្លែងដែលមានប្រទាក់ក្រឡាគ្នាច្រើន ទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវដែក។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការរៀបចំភ័ស្ដភារកម្មដឹកជញ្ជូន មិនមែនមានត្រឹមប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធប៉ុណ្ណោះទេ ប៉ុន្ដែនីតិវិធីជារឿងចាំបាច់ដូចគ្នា។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា នៅពេលបើកតំបន់សេដ្ឋកិច្ច ត្រូវមានរដ្ឋបាលពិសេស ហើយអនុវត្តតែខាងក្នុងតំបន់សេដ្ឋកិច្ច។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការអភិវឌ្ឍ និងកំណើនមិនដូចគ្នាទេ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ការច្នៃប្រឌិត និងការសិក្សារបស់ក្រសួងស្ថាប័នជំនាញក្នុងរយៈពេលចុងក្រោយនេះ ទទួលបានលទ្ធផលល្អ ទាំងបច្ចេកវិទ្យា និងនីតិវិធីក្នុងការធ្វើការ ដើម្បីធានាចីរភាពប្រកួតប្រជែង រយៈពេលវែង។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ឲ្យបន្ដជំរុញកិច្ចសហការជាមួយដៃគូវិនិយោគ និងដៃគូអភិវឌ្ឍ ក្នុងការអនុវត្ត គម្រោងអភិវឌ្ឍ និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់នៅតាមតំបន់ នៃខេត្តគោលដៅសំខាន់ៗ។

* ក្រសួងក៏ត្រូវគិតគូរលើការបញ្ជ្រាបការយល់ដឹងទៅដល់ប្រជាពលរដ្ឋអំពីសារប្រយោជន៍ នៃសេវាប្រើប្រាស់បណ្តាញលូ និងការតភ្ជាប់ទៅនឹងប្រព័ន្ធលូសាធារណៈ និងត្រូវបន្តបង្កើន កិច្ចសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធានាប្រសិទ្ធភាព និងនិរន្តរភាពនៃហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទឹកកខ្វក់ ដែលបានដាក់ឲ្យប្រើប្រាស់ជាប្រយោជន៍សាធារណៈ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រសួងត្រូវបន្តពង្រឹងកិច្ចសហការជាមួយក្រសួងមហាផ្ទៃ, ជាពិសេស ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក់ឲ្យបានម៉ឹងម៉ាត់។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងឲ្យជំរុញប្រើប្រាស់កម្មវិធីដកពិន្ទុប័ណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៍ផ្លូវគោកលើទូរស័ព្ទដៃ ដែលជាបច្ចេកវិទ្យាបានដាក់ឲ្យអនុវត្តកន្លងមករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបង្កើនការចូលរួមគោរពច្បាប់ ចរាចរណ៍ផ្លូវគោក និងឈានទៅកាត់បន្ថយអត្រានៃគ្រោះថ្នាក់ចរាចរណ៍ ឲ្យនៅកម្រិតអប្បបរមា។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យបង្កើនការត្រួតពិនិត្យជាតិស្រវឹងឡើងវិញ ពិសេសនៅពេលរាត្រី។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផ្លូវ៦០ម៉ែត្រ នឹងត្រូវដាក់របាំងដែកពុះចែកទ្រូងផ្លូវ។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបង្កើនការយកចិត្តទុកដាក់លើករណីចរាចរណ៍, សម្ដេចបារម្ភរឿងអត្រាអ្នកស្លាប់ច្រើនដោយសារគ្រោះថ្នាក់ចរាចរណ៍។

* ចំពោះការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងគិតគូរនូវយន្តការពង្រឹងការអនុវត្តឲ្យបានច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាព នៃការគ្រប់គ្រង ត្រួតពិនិត្យ និងទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ឲ្យបានជាអតិបរមា សំដៅ ធានានូវការថែទាំ និងការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធផ្លូវស្ពានបានយូរអង្វែង។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជំរុញឲ្យផ្សព្វផ្សាយច្បាប់សំខាន់ៗ នៅក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដូចជា ច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដើម្បីបង្កើនការយល់ដឹងអំពីវិសាលភាព និងវិធានចាំបាច់មួយចំនួន ដែលត្រូវគោរពប្រតិបត្តិតាម។

* សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្តអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈ ក្នុងការចូលរួមចំណែកលើការពង្រឹងអភិបាលកិច្ច ការធ្វើទំនើបកម្មសា្ថប័នសាធារណៈ និងការអភិវឌ្ឍសមត្ថភាពមន្ត្រី ដើម្បីលើកកម្ពស់គុណភាពការងារ ប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ ប្រសិទ្ធភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថា និងសំណេះសំណាលនៅវេលាម៉ោង៤៖១៨នាទីរសៀលថ្ងៃដដែល, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕