(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្រ្តីកម្ពុជា ដោយពិភាក្សា និងអនុម័តទៅលើសេចក្តីព្រាងច្បាប់ថវិកាជាតិ ឆ្នាំ២០១៧ បានចាប់ផ្តើមហើយ នៅម៉ោង៨៖៤៥ព្រឹក ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ។ កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានសន្តិភាព។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា របៀបវារៈសម្រាប់កិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាពេលនេះរួមមាន៖
១៖ សេចក្ដីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។
២៖ សេចក្តីព្រាងច្បាប់ ស្តីពីការទូទាត់ថវិកា ទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៥។
៣៖ សេចក្តីព្រាងយុទ្ធសាស្ត្រអភិវឌ្ឍវិស័យហិរញ្ញវត្ថុឆ្នាំ២០១៦-២០២៥។ និងបញ្ហាផ្សេងៗមួយចំនួនទៀត។
ការបង្កើតថវិកាជាតិឆ្នាំ២០១៧ នឹងផ្តោតសំខាន់លើ ការបង្កើនបៀរវត្សជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ការពង្រឹងសេវាសាធារណៈ វិស័យសង្គមកិច្ច វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ វិស័យរដ្ឋបាលទូទៅ និងវិស័យសេដ្ឋកិច្ចជាដើម៕