(ភ្នំពេញ)៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន (Women Business Council of the Philippines) ដឹកនាំដោយលោកស្រី រូសម៉ារី រ៉ាហ្វាអ៊ែល (Rosemarie P.Rafael) ប្រធានក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន នៅវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានស្វាគមន៍ ដំណើរទស្សនរបស់គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្តប្រទេសហ្វីលីពីន នៅកម្ពុជា ក្នុងការពិនិត្យសក្តានុពលថ្មីៗបន្ថែមទៀត ដើម្បីធ្វើការវិនិយោគ។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់នៅក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ ប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ពិសេសការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជននៃប្រទេសទំាងពីរ កាន់តែជិតស្និទ្ធ និងមានការយោគយល់គ្នាកាន់តែច្រើនឡើង។
លោកស្រី រូសម៉ារី រ៉ាហ្វាអ៊ែល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានអនុញ្ញាតដល់គណៈប្រតិភូបានចូលរជួបសម្តែងការគួរ និងពិភាក្សាការងារនាឱកាសនេះ។ លោកស្រី បានថ្លែងកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងបានគោរពថ្លែងអំណរគុណ ចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏ដូចជាថ្នាក់ដឹកនាំក្រសួងស្ថាប័ននានារបស់កម្ពុជា ដែលបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ វត្តមានរបស់គណៈប្រតភូសហគ្រិនស្រ្តីហ្វីលីពីន។
ឆ្លៀតនៅក្នុងឱកាសនោះ លោកស្រី បានជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ជាពិសេសលទ្ធផលនៃជំនួបសម្តែងការគួរសមជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយបានគូសបញ្ជាក់ថា សម្តេចនាយករដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ និងលើកទឹកចិត្តជាខ្លំាងដល់ក្រុមប្រឹក្សាធុរកិច្ចស្រី្តនៃប្រទេសហ្វីលីពីន ក្នុងការវិនិយោគនៅកម្ពុជា។ សមាជិក គណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចស្រី្ត ប្រទេសហ្វីលីពីន ដែលបានបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលនេះ មានមកពីវិស័យជាច្រើនដូចជា វិស័យកសិកម្ម អាកាសចរណ៍ ទេសចរណ៍ យានយន្ត អប់រំ សុខាភិបាល ដឹកជញ្ជូន និងឡូជីស្ទីក ផ្នែកសេវាកម្មក្នុងវិស័យទេសចរណ៍ និងគ្រឿងសង្ហារឹមជាដើម។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថាប្រទេសកម្ពុជានិងហ្វីលីពីន នៅមានសក្តានុពលជាច្រើនទៀត ដែលត្រូវសិក្សារួមគ្នា បង្កើនកិច្ចសហការគ្នាក្នុងការវិនិយោគ ទំាងការនាំចេញនាំចូល ក៏ដូចជានៅលើវិស័យនានា មានដូចជាស្រូវអង្ករ វិស័យអប់រំ សុខាភិបាលជាដើមនោះ ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រទេសនិងប្រជាជនទំាងសងខាង។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា មិនខុសពីរាជរដ្ឋាភិបាល រដ្ឋសភាកម្ពុជាគំាទ្រពេញទំហឹង ចំពោះការវិនិយោគរបស់ធុរជន ពិសេសសហគ្រិនស្រ្តី នៃប្រទេសទំាងពីរ។ កម្ពុជាមានច្បាប់និងគោលនយោបាយជាច្រើននៅក្នុងការលើកទឹកចិត្ត ការពារផលប្រយោជន៍អ្នកវិនិយោគបរទេស។ រាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ចំពោះភាពជោគជ័យរបស់វិស័យឯកជន និងចាត់ទុកវិស័យឯកជនជាដៃគូមិនអាចខ្វះបាន នៅក្នុងដំណើរការអភិវឌ្ឍប្រទេសជាតិ។
ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះតួនាទី សមិទ្ធផល និងស្នាដៃសំខាន់ៗ ដែលក្រុមប្រឹក្សាធុរកិច្ចស្រ្តីនៃប្រទេសហ្វីលីពីនសម្រេចបាន នាពេលកន្លងមក ជាពិសេស គឺបាននាំមុខគេក្នុងការលើកម្ពស់សំឡេងរបស់ស្រ្តី ក្នុងវិស័យពាណិជ្ជកម្ម និងផ្តល់ភាពអង់អាចដល់ស្រ្តីនៅហ្វីលីពីន។
នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ក៏បានចែករំលែកអំពីអំពីវប្បធម៌ប្រពៃណីរបស់កម្ពុជា និងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការលើកកម្ពស់ស្រ្តីនិងសមភាពយេនឌ័រ។ សម្តេចបានគូសបញ្ជាក់ថា កម្ពុជាជាសង្គមមាតាធិបតេយ្យ ដោយយកស្រ្តីជាធំ ដែលបានឆ្លុះបញ្ចាំង តាមរយៈការប្រើប្រាស់ពាក្យពេចន៍ ជាផ្លូវការនិងក្រៅផ្លូវការ ដូចជាមេស្រុក មេឃុំ មេគ្រួសារ ជាដើម។
រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកស្រ្តីជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច។ រដ្ឋសភាកម្ពុជាបានអនុម័តច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិអំណាចរបស់ស្ត្រី និងសមភាពយេនឌ័រ និងបានលើកទឹកចិត្តយ៉ាងខ្លាំងទៅដល់ភាគីពាក់ព័ន្ធ ទាំងរាជរដ្ឋាភិបាល និងវិស័យឯកជនឱ្យប្រកាន់យកគោលនយោបាយ និងថវិកា ដោយឆ្លើយតបទៅនឹងយេនឌ័រ។ គោលនយោបាយនេះ ក៏ជាតម្រូវការបន្ទាន់ សម្រាប់ការគាំទ្រដ៏រឹងមាំបន្ថែមទៀតសម្រាប់សហគ្រិនស្ត្រី ផងដែរ។
ជាមួយគ្នានេះ រដ្ឋសភាបានបង្កើតយន្តការសំខាន់នានា ដូចជា អ្នកនយោបាយសភាស្រ្តី (Women Parliamentarians Caucus) និងគំនិតផ្តួចផ្តើម #Girl2Leader ដើម្បីជំរុញការផ្តល់ភាពអង់អាចដល់ស្ត្រី និងសមភាពយេនឌ័រ បន្ថែមទៀតផងដែរ៕