(កែប)៖ រូបសំណាកអាណាចក្រផ្កាថ្ម (Coral Kingdom) ដែលមានទីតាំងនៅតាមបណ្តោយឆ្នេរតេជោសន្តិភាពខេត្តកែប បានក្លាយជាតឹកតាងមួយបញ្ជាក់ពីសក្តានុពលតំបន់សមុទ្រកម្ពុជា ពិសេសខេត្តកែប ដែលមានសក្តានុពលគ្រប់គ្រាន់សម្រាប់វិស័យទេសចរណ៍ទាំងលើគោក និងក្នុងបាតសមុទ្រ។
រូបសំណាកអាណាចក្រផ្កាថ្មនេះដែរមានកម្ពស់៥.៧ម៉ែត្រ ត្រូវបានរចនាឡើងពីថ្មភ្នំ។ ក្រុមការងារបានចំណាយពេលជាង២២,០០០ម៉ោងដើម្បីផ្គុំបំណែកថ្មចំនួន២,២៤០ដុំឱ្យចេញជារូបរាង្គឡើង។
គួរជម្រាបថា រូបសំណាកអាណាចក្រផ្កាថ្មនេះត្រូវបានកសាងដោយម្ចាស់រមណីយដ្ឋានថ្ងៃបាំងឆ័ត្រ ខេត្តកែប ហើយត្រូវបានសម្ពោធជាផ្លូវការនារសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក ជេហ្វ មូន (Jef Moons) ម្ចាស់រូបសំណាកអាណាចក្រផ្កាថ្ម បានលើកឡើងថា ការផ្ដួចផ្ដើមកសាងរូបសំណាកនេះឡើង គឺដើម្បីចូលរួមប្រែក្លាយទីក្រុងឆ្នេរសមុទ្រកែបទៅជាមជ្ឈមណ្ឌលវប្បធម៌ តាមរយៈសិល្បស្ថាបត្យកម្ម។ គម្រោងនេះមានគោលបំណងលើកកម្ពស់ទេសចរណ៍វប្បធម៌ គាំទ្រសិល្បករខ្មែរក្នុងស្រុក និងលើកកម្ពស់ការយល់ដឹងអំពីការអភិរក្សបរិស្ថាន។ រចនាដោយវិចិត្រករដ៏ល្បីឈ្មោះ សុទ្ធា ថង ចម្លាក់នេះប្រារព្ធពីសម្រស់ធម្មជាតិនៃឆ្នេរសមុទ្រខេត្តកែប និងគូសបញ្ជាក់ពីសារសំខាន់នៃការការពារប្រព័ន្ធអេកូឡូស៊ីសមុទ្រ។
លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានឱ្យដឹងថា ផ្កាថ្មមានដុះច្រើននៅតាមបណ្តាកោះនៃខេត្តតំបន់សមុទ្រកម្ពុជា ហើយសមុទ្រកែបក៏សម្បូរដែរ ហើយនេះជាសក្តានុពលទេសចរណ៍ដ៏ទាក់ទាញមួយដែរ។ លោកថា «រូបសំណាកអាណាចក្រផ្កាថ្មនេះ ជាតឹកតាងមួយបញ្ជាក់ពីសក្តានុពលខេត្តតំបន់សមុទ្រកម្ពុជា ពិសេសខេត្តកែប ដែលមានសក្តានុពលគ្រប់គ្រាន់សម្រាប់វិស័យទេសចរណ៍ទាំងលើគោក និងក្នុងបាតសមុទ្រ»។
លោកឧបនាយករដ្ឋមន្ត្រីបានបន្តថា រូបសំណាកនេះជាស្នាដៃស្ថាបត្យករដែលបង្កប់ទៅដោយសិល្បៈ ហើយនេះជាផលិតផលទេសចរណ៍ដ៏ទាក់ទាញមួយដែលយើងរួមគ្នាសម្រេចបាន និងដាក់តាំងបង្ហាញតាមតំបន់សមុទ្រកម្ពុជា។
ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងកោតសរសើរចំពោះការផ្ដួចផ្ដើមគំនិតបង្កើតអាណាចក្រផ្កាថ្ម ដែលនឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តកែបមានការងារធ្វើមានប្រាក់ចំណូល និងជាកន្លែងដែលជនបរទេសអាចចាត់ទុកខេត្តកែបជាផ្ទះរបស់ខ្លួនផងដែរ។
ជាមួយគ្នានោះ លោក ជេហ្វ មូន (Jef Moons) បានបង្ហាញក្តីសង្ឃឹមថា អាណាចក្រផ្កាថ្មរបស់លោកនឹងទាក់ទាញភ្ញៀវទេសចរមកពីគ្រប់ទិសទីឱ្យចូលមកលេងកម្សាន្តខេត្តកែប។ លោកបញ្ជាក់ថា «យើងកំពុងសម្លឹងមើលទៅថ្ងៃអនាគតជាមួយគម្រោងដ៏គួរឱ្យរំភើបមួយ ដែលផ្តោតលើវិចិត្រសាលសមុទ្រកែប ជាសារមន្ទីរក្រោមទឹកដ៏មានសក្តានុពល ក្នុងភាពជាដៃគូជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC)»៕