(សៀបរាប)៖ សហគមន៍ទេសចរណ៍កំពង់ភ្លុក ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ស្រស់ស្អាតមួយ សិ្ថតនៅឃុំកំពុងភ្លុក ស្រុកបាគង ខេត្តសៀមរាប ដែលកំពុងទាក់ទាញចិត្តភ្ញៀវជាតិ-អន្តរជាតិទៅទស្សនានៅទីនោះ តាមរយៈភូមិបណ្តែតទឹក ដែលមានភាពស្រស់ស្អាតនៃព្រៃលិចទឹកខៀវស្រងាត់ និងមានម្លប់ឈើដ៏ត្រឈឹងត្រឈៃ, ការមើលថ្ងៃរៀបលិច រួមទាំងអ្នកអុំទូកជាស្ត្រី ជូនភ្ញៀវមើលទេសភាពកម្សាន្តនោះ សុទ្ធតែធាតុផ្សំសំខាន់ក្នុងការទាក់ចិត្តភ្ញៀវទេសចរ ដែលពួកគាត់ទៅដល់ហើយមិនចង់ត្រឡប់វិលវិញ។
ជាមួយនឹងភាពទាក់ទាញក៏ស្រស់ស្អាតនៃព្រៃលិចទឹកខៀវស្រងាត់ និងមានម្លប់ត្រជាក់ចិត្ត ក្នុងការទាក់ទាញចិត្តអ្នកទេសចរនោះ, សហគមន៍ទេសចរណ៍កំពង់ភ្លុក ក៏បានផ្តល់ជាប្រភពចំណូលដល់អ្នករស់នៅក្នុងសហគមន៍នោះផងដែរ ជាពិសេសប្រភពចំណូលដល់ស្ត្រី ដែលនៅទីនោះអ្នកអុំទូក គឺភាគច្រើនជាស្ត្រី និងជាមគ្គុទ្ទេសក៍ទេសចរ ដែលរួមចំណែកសំខាន់ក្នុងសហគមន៍ទេសចរណ៍មួយនេះ។
ជាក់ស្តែង លោកស្រី ចាន់ ណាវី បានប្រកបមុខរបរជាអ្នកអុំទូក នៅក្នុងសហគមន៍កំពង់ភ្លុក យូរអង្វែងណាស់មកហើយ តាំងពីមុនជំនាន់ការរាតត្បាតជំងឺកូវីដ១៩ ឯណោះ។ មុខរបរនេះ ជួយឲ្យលោកស្រីរកចំណូលមួយផ្នែកផងដែរ។
បើតាមលោកស្រី ចាន់ ណាវី លោកស្រីចូលរួមក្នុងសហគមន៍ទេសចរណ៍កំពង់ភ្លុក ដោយមានការដាក់វេនគ្នាវិលជុំក្នុងការអុំទូកជូនភ្ញៀវកម្សាន្ត ខណៈការអុំទូកជូនភ្ញៀវម្តងមាន ១៥នាទី ឬ ៣០នាទី ឬ ៤៥នាទី ទទួលបាន ៣ដុល្លារ។ លោកស្រី បានឲ្យដឹងថា វេននៃការអុំទូកអាស្រ័យលើការចាប់ឆ្នោត ពោលបើចាប់បានលេខទាប អ្នកអុំទូកនឹងអាចអុំជូនភ្ញៀវចំនួន ២ជើង ក្នុង ១ថ្ងៃ តែបើបានលេខខ្ពស់ អុំជូនភ្ញៀវបានតែ ១ជើងទេ។
លោកស្រី ចាន់ ណាវី បានបញ្ជាក់ពីប្រភពចំណូលនៃការអុំទូកដូចនេះថា «បានត្រឹមឈ្មោះមួយ យើងបានមួយជើង ហើយយើងបាន ៣ដុល្លារ។ ក្នុងមួយថ្ងៃ បើសិនចាប់បានលេខទាប អាចបាន ២ជើង បើសិនចាប់បានលេខខ្ពស់គឺបាន ១ជើង តែទោះយ៉ាងណាចំណូលនេះមិនបានរាល់ថ្ងៃនោះទេ គឺមានការចែកវេនគ្នា ដោយក្នុងឃុំនេះ មាន ៣ភូមិ។ មួយភូមិមាន ៣ក្រុម ហើយក្នុងមួយថ្ងៃ អុំបាន ៣ក្រុម ដូចនេះ ៣ថ្ងៃ ទើបបានអុំម្តង (ព្រោះទាល់តែចំភូមិរបស់ខ្លួន ទើបបានអុំ)»។
សូមជម្រាបថា សហគមន៍ទេសចរណ៍ឃុំកំពង់ភ្លុក ស្ថិតនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានផ្ទៃដីសរុប ២៤ ៨០០ហិចតា និងមានភូមិចំនួន ០៣ រួមមាន៖ ភូមិត្នោតកំបុត ភូមិគោកក្តុល និងភូមិដីក្រហម ហើយមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប និងចម្ងាយពីស្រុកប្រាសាទបាគងប្រមាណ ១៤គីឡូម៉ែត្រ។
ភ្ញៀវទេសចដែលចង់កម្សាន្ត អាចធ្វើដំណើរតាមរថយន្ដ រឺម៉ក ឬម៉ូតូដោយប្រើរយៈពេល ៥០នាទី ពីទីរួមខេត្តមកដល់ចំណតទូក និងប្រើពេលប្រហែល ២០នាទី ទើបដល់សហគមន៍កំពង់ភ្លុក។ ដោយមើលឃើញពីសក្តានុពលលើវិស័យទេសចរណ៍ នៅក្នុងឃុំកំពង់ភ្លុក នៅឆ្នាំ២០១៣ លោកមេឃុំកំពង់ភ្លុក និងគណៈកម្មការសហគមន៍នេសាទ បានសហការជាមួយសមាជិករបស់ខ្លួន បង្កើតជាសមាគមសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក៕
សូមទស្សនាវីដេអូទាំងស្រុងរបស់លោកស្រី ចាន់ ណាវី៖