(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ត្រីជំនាញនៃក្រសួងកសិកម្ម ដែលបានចុះជួយដោះស្រាយបញ្ហាកង្វះទឹកនៅរដូវរាំងស្ងួត ការចុះជួយកំចាត់សត្វល្អិតចង្រៃបំផ្លាញដំណាំ និងចែកពូជស្រូវដល់ប្រជាកសិករនៅតាមូលដ្ឋាន ដែលរងគ្រោះ ដោយសារទឹកជំនន់ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
ការថ្លែងបែបនេះរបស់លោក នៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និង ទិសដៅអនុវត្ត ឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងថា ការចុះជួយដោះស្រាយបញ្ហារបស់បងប្អូនប្រជាកសិករ អ្វីដែលសំខាន់បំផុតនោះគឺ «ទាន់ពេលវេលា» មិនថាតែវិស័យកសិកម្មនោះទេ គ្រប់វិស័យទាំងអស់ត្រូវតែអន្តរាគមន៍ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលាផងដែរ៕