​(ភ្នំពេញ)៖​ ក្នុងឱកាសអញ្ជើញសំណេះសំណាលជាមួយគណៈគ្រប់គ្រង គ្រូពេទ្យ និងបុគ្គលិកពេទ្យ នៃមន្ទីរពេទ្យគន្ធបុប្ផា​ នាថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥នេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានសម្តែងនូវការថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅជូនដល់សប្បុរសជនទាំងអស់ ​​ដែលបានចំណាយថវិកាបរិច្ចាគជូនដល់មូលនិធិគន្ធបុប្ផា ដែលនេះជាសកម្មមួយក្នុងការផ្តល់ភាពញញឹមដល់ទារក និងកុមារ ដែលធនធានដ៏ភ្លឺស្វាងរបស់កម្ពុជា។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍ថា ប្រសិនបើមានតែលោកគ្រូ និងអ្នកគ្រូពេទ្យ និងបុគ្គលិកក្នុងវិស័យសុខាភិបាល ដែលមានឆន្ទៈ និងមានជំនាញក្នុងការព្យាបាលយ៉ាងណាដោយ ប៉ុន្តែប្រសិនខ្វះថវិកាចូលរួមពីសប្បុរជនទាំងអស់គ្នា ក៏មិនអាច​ជួយជីវិតទារក និងកុមារកម្ពុជាបានឡើយ ព្រោះការព្យាបាលត្រូវការ​ថ្នាំ និងឧបករណ៍ពេទ្យដែលមានតម្លៃថ្លៃ។

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត​លើកឡើងថា​ លោកគ្រូ និងអ្នកគ្រូពេទ្យបានដើរតួនាទីយ៉ាងសំខាន់ ព្រោះប្រសិនបើមានថវិកា តែគ្មានគ្រូពេទ្យចំណាន និងមានជំនាញព្យាបាលទេនោះ ក៏មិនអាច​ជួយជីវិតទារក និងកុមារកម្ពុជាបានដែរ។

លោកជំទាវបណ្ឌិតបានមានប្រសាសន៍បន្តថា «ដូច្នេះសប្បុរជន លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងគណៈគ្រប់គ្រងរបស់មន្ទីរពេទ្យគន្ធបុប្ផា គឺយើងត្រូវធ្វើការដោយទន្ទឹមគ្នា។ដូច្នេះហើយបានធ្វើឱ្យមូលនិធិគន្ធបុប្ផាកម្ពុជានេះបង្កើតឡើង។ ​មន្ទីរពេទ្យទាំងភ្នំពេញ និងសៀមរាប គឺបានជួយជីវិតទារក និងកុមារកម្ពុជាច្រើនឆ្នាំមកហើយ»

ឆ្លៀតឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានកោតសរសើរ និងថ្លែងអំណរគុណដល់ លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ និងគណៈគ្រប់គ្រងរបស់មន្ទីរពេទ្យគន្ធបុប្ផាដែលខិតខំបំពេញភារកិច្ចទាំងថ្ងៃទាំងយប់ដោយមិនខ្លាចនឿយហត់ នៅក្នុងបេសកម្មដ៏មានតម្លៃ អស់រយៈពេលជាង៤២ឆ្នាំកន្លងមកនេះ៕