(សៀមរាប)៖ ក្រៅពីប្រាសាទបាខែង ដែលជាទីតាំងមើលថ្ងៃលិចដ៏ល្អបំផុត នៅខេត្តសៀមរាបនោះ, តំបន់ទេសចរណ៍ធម្មជាតិចុងឃ្នៀស គឺជាតំបន់មួយស្ថិតនៅក្នុងបឹងទន្លេសាប ក៏បានបង្ហាញនូវភាពស្រស់ស្អាតយ៉ាងខ្លាំងណាស់ដែរ នៅពេលព្រះសូរិយាទន់ទាបរៀបអស្តង្គត។
ស្ថិតនៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប អ្នកទេសចរអាចជិះទូកលេងកម្សាន្តគយគន់ព្រៃលិចទឹក ផ្ទះបណ្តែតទឹក និងទទួលទានអាហារលើអាហារដ្ឋានបណ្តែតទឹក អមជាមួយកម្ទេចទឹកនៃបឹងទន្លេសាប ដែលព្រះវាយាបក់មកប៉ះនឹងកាយា នាំឲ្យអារម្មណ៍រីករាយស្រស់ថ្លាជាពន់ពេក។
នៅរដូវប្រាំងនេះដែរ ភ្ញៀវទេសចរ ក៏អាចអង្គុយមើលព្រះទិនករហៀបលិច ចេញពីទីតាំងអាហារដ្ឋាននានាបានផងដែរ ខណៈពេលទទួលទានអាហារពេលល្ងាចជុំគ្រួសារ ឬមិត្តភក្តិ។
ភាពទាក់ទាញបែបនេះហើយ បានជាតំបន់ទេសចរណ៍ធម្មជាតិចុងឃ្នៀស ទទួលបានភ្ញៀវទេសចរភ្លូកទឹកភ្លូកដី ទៅលេងកម្សាន្ត នាំចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់ និងលើកស្ទួយជីវភាពពួកគាត់បានមួយកម្រិត៕