(ភ្នំពេញ)៖ យុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចាប់ផ្តើមមុនគេនៅរាជធានីភ្នំពេញ ក្នុងគោលបំណងផ្សព្វផ្សាយលើកទឹកចិត្តដល់អ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលកាន់តែច្រើន ដើម្បីអនាគតមុខរបរការងារ និងប្រាក់ចំណូលគ្រួសារកាន់តែរីកចម្រើន។
សូមរំលឹកថា ក្នុងរយៈពេលជាងមួយខែនេះ ពោលក្រោយពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤មក មានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធចុះឈ្មោះបានជាង១២០០នាក់។
ក្នុងយុទ្ធនាការផ្សព្វផ្សាយការចុះឈ្មោះតាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ នាចុងខែមករានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើង ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធធ្វើឱ្យពួកគេទទួលបានព័ត៌មានទូលំទូលាយពីអត្ថប្រយោជន៍នៃការចុះឈ្នោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ខណៈការចុះឈ្មោះនេះធ្វើឡើងដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ។ លោកអភិបាលរាជធានីក៏បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បង្កលក្ខណៈងាយស្រួលគាំទ្រដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅរាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានបន្តថា ការចុះឈ្មោះនេះ គឺអាចបញ្ជាក់ពីអត្តសញ្ញាណអាជីវកម្មច្បាស់លាស់ដែលអាចយកប្រើការផ្សេងៗបាន ព្រមទាំងផ្តល់ប្រយោជន៍លើការបណ្តុះបណ្តាលជំនាញថែមទៀតផង។ ក្រោយចុះឈ្មោះ និងទទួលការអនុម័តនៅលើថ្នាលឌីជីថលហើយ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងទទួលបានវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់តួនាទី និងការរួមចំណែករបស់ពួកគេដល់សេដ្ឋកិច្ចជាតិ។ វិញ្ញាបនបត្រនេះបញ្ជាក់អត្តសញ្ញាណសម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីទី១៦ ខែធ្នូ ឆ្នាំ២០២៤។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅភ្នំពេញមានរហូតរាប់លាននាក់ ដែលទាមទាឱ្យមានការរៀបចំការជួបជុំថ្ងៃនេះក្នុងការរៀបជាថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយមិនតម្រូវឱ្យបង់ថ្លៃសេវា។
លោករដ្ឋមន្ត្រី ហែម វណ្ណឌី បន្តថា «កន្លងមកបងប្អូនជាម្ចាស់អាជីវកម្មអាចចុះឈ្មោះបាននៅតែច្រកចេញចូលតែមួយ។ តែសម្រាប់ពេលនេះបងប្អូនអាចចុះឈ្មោះបានតាមប្រព័ន្ធឌីជីថល ពោលគឺប្រើតែអត្តសញ្ញាណប័ណ្ណ និងរូបថតគឺរួចជាស្រេច។ សម្រាប់ការចុះដោយប្រព័ន្ធឌីជីថលនេះ បងប្អូនអាចបង្កើតដោយខ្លួនឯង ឬជាមួយភ្នាក់ងារ ដែលមាននៅទូទាំងប្រទេស ឬក៏ទៅរកសេវានេះ នៅធនាគារចំនួន៥ គេនឹងបំពេញការងារចុះឈ្មោះនេះ ដោយមិនយកប្រាក់ជាមួយនឹងការប្រើប្រាស់ពេលវេលានៃការចុះឈ្មោះប្រមាណ១០នាទីប៉ុណ្ណោះ»។
ដោយឡែក ក្នុងនាមជាប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានត្រៀមយុវជនឆ្នើមចំនួន១០០នាក់ សម្រាប់ត្រៀមសហការជាមួយច្រកចេញចូលតែមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ និងលេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងការចុះជំរុញលើកទឹកចិត្តដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងយុទ្ធនាការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ។
លោកឧកញ៉ាសាស្ត្រាចារ្យសមូហកបណ្ឌិត ឡី សុភាព បានគូសបញ្ជាក់ថា សមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជាបានសម្របសម្រួលការចុះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធរាជធានីភ្នំពេញ តាមថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជូនសហគ្រាសធុនមីក្រូ កម្មករ-និយោជិត និងបុគ្គលស្វ័យនិយោជន៍រាជធានីភ្នំពេញបានចំនួន១ពាន់នាក់៕