(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Alissar Chaker តំណាងអង្គការ UNDP ប្រចាំកម្ពុជា មុននឹងចាប់ផ្តើមកិច្ចប្រជុំក្រុមប្រឹក្សាគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ឆ្នាំ២០២៤។

ក្នុងជំនួបនោះ លោកស្រី Alissar Chaker បានកោតសរសើរ និងវាយតម្លៃខ្ពស់ជូនចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកវឌ្ឍនភាព និងការអភិវឌ្ឍ លើកគ្រប់វិស័យ។ ជាមួយគ្នានោះ លោកស្រី បានវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យនៃលទ្ធផលសម្រេចបានក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តជាតិសកម្មភាពមីន (NMAS) ២០១៨-២០២៥។

លោកស្រី Alissar Chaker បានបញ្ចាក់ទៀតថា UNDP នៅបន្តគាំទ្រដល់គោលដៅអាទិភាពរបស់រាជរដ្ឋាភិបាល រួមទាំងក្នុងគោលដៅសកម្មភាពមីន ក៏ដូចជាបន្តគាំទ្រដល់ការរៀបចំគោលនយោបាយជាតិសកម្មភាពមីន ២០២៦-២០៣៥ តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមីន។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រី Alissar Chaker និងសហការីនៃកម្មវិធីអភិវឌ្ឍន៍ អង្គការប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជា សម្រាប់ភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាល ក្នុងការរួមចំណែកដល់កិច្ចការអភិវឌ្ឍនៅកម្ពុជា ក្នុងនោះរួមទាំងវិស័យសកម្មភាពមីនមនុស្សធម៌ ផងដែរ។

ជាមួយគ្នានោះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការគាំទ្ររបស់ UNDP សម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា រួមជាមួយប្រទេសជាមិត្តដទៃទៀត៕