(ភ្នំពេញ)៖ បន្ទាប់ពីមានហេតុការណ៍ប្រជាពលរដ្ឋប្រជ្រៀតគ្នានៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ដើម្បីចាំយកអាំងប៉ាវ​ និងបណ្តាលឱ្យមានអ្នកស្លាប់ និងរបួស លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន៥លានរៀល និងអ្នករងរបួស ចំនួន២លានរៀល ព្រមក្តារមឈូស១ផងដែរ។

ថវិកាទាំងនេះត្រូវបានលោក សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ នាំយកទៅប្រគល់ជូនគ្រួសារជនរងគ្រោះក្នុងមន្ទីរពេទ្យនៅថ្ងៃនេះតែម្តង។ ចំណែកអ្នកឧកញ៉ា សុខ គង់ បានឧបត្ថម្ភដល់សពម្នាក់ៗចំនួន១០លានរៀល និងអ្នករងរបួសចំនួន២លានរៀល។

សូមជម្រាបផងដែរថា គិតត្រឹមម៉ោង១២​ និង៣០នាទី ចំនួន​អ្នកស្លាប់ពេលនាំគ្នាទៅប្រជ្រៀតយកអាំងប៉ាវ នៅមុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ បានកើនដល់៤នាក់ និងសង្គ្រោះ៥នាក់។ សម្រាប់អាំងប៉ាវម្នាក់ៗទទួលបានលុយ៤ម៉ឺនរៀល និងអង្ករ២គីឡូក្រាម៕