(ស្វីស)៖ តបតាមការអញ្ជើញរបស់លោក Børge Brende ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានមកចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២៥ របស់វេទិកាសេដ្ឋកិច្ច ពិភពលោក នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស ហើយនៅរសៀលថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ ដល់វេទិកាសេដ្ឋកិច្ចពិភពលោក ដោយបានគូសបញ្ជាក់ពីចំណុចខ្លាំងផ្នែកសេដ្ឋកិច្ច និងចក្ខុវិស័យពេលអនាគតរបស់អាស៊ាន។

លោកបានសង្កត់ធ្ងន់ពីកំណើនរបស់តំបន់ ដែលសម្រេចបានដោយសារសាមគ្គីភាព ទីតាំងយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមបរិវត្តកម្មឌីជីថលនានា ដូចជា កិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន (DEFA) ជាដើម។ អគ្គលេខាធិការអាស៊ាន ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់អាស៊ានក្នុងការអនុម័តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រ នៅឆ្នាំនេះ ដោយធ្វើឱ្យតំបន់នេះឈរជើងជាតួអង្គសកលមួយ ប្រកបដោយភាពធន់ និងការប្រកួតប្រជែង។

នៅរសៀលថ្ងៃអង្គារ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Ian Clifton Saunders អគ្គលេខាធិការអង្គការគយពិភពលោក (WCO)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា អំពីការពង្រឹងកិច្ចសហការរវាងអាស៊ាន ជាមួយ WCO និងរិះរកឱកាសពេលអនាគតសម្រាប់កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងអាជ្ញាធរគយអាស៊ាន ជាមួយ WCO ដើម្បីពង្រឹងកិច្ចសម្រួលពាណិជ្ជកម្មក្នុងតំបន់ និងពិភពលោក។

បណ្ឌិត កៅ គឹមហួន បានជួបពិភាក្សាការងារជាមួយលោកស្រី Julie Bishop ប្រេសិតពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា។ ជំនួបនេះ បានផ្តោតលើតួនាទីដ៏សំខាន់របស់ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ក្នុងការជួយដល់កិច្ចខិតខំប្រឹងប្រែងជំនួយមនុស្សធម៌របស់អាស៊ាន និងជំរុញការអនុវត្តកុងសង់ស៊ីស ៥ចំណុចរបស់អាស៊ាន ដោយសង្កត់ធ្ងន់ពីសារៈសំខាន់នៃកិច្ចសហការដើម្បីពង្រឹងសន្តិភាព ស្ថិរភាព និងសុខុមាលភាពរបស់ប្រជាជននៅក្នុងតំបន់។

អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយបណ្ឌិត Max Tegmark សាស្ត្រាចារ្យរូបវិទ្យានៅវិទ្យាស្ថានបច្ចេកវិទ្យារដ្ឋ Massachusetts (MIT) របស់សហរដ្ឋអាមេរិក និងជាប្រធានវិទ្យាស្ថានអនាគតជីវិត (Future of Life Institute)។ កិច្ចពិភាក្សាបានផ្តោតលើការការពារនវានុវត្តបញ្ញាសិប្បនិម្មិត (AI) តាមរយៈគោលនយោបាយ និងក្របខណ្ឌអភិបាលកិច្ចដ៏ស្វាហាប់ ដោយធានាថា ភាពជឿនលឿននៅក្នុង AI ចូលរួមចំណែកដល់វិបុលភាព និងសន្តិសុខរួម ស្របពេលដែលដោះស្រាយការប្រឈមនានាដែលកំពុងលេចឡើង។

នៅរសៀលថ្ងៃអង្គារ ៨ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Alain Berset អគ្គលេខាធិការក្រុមប្រឹក្សាអ៊ឺរ៉ុប។ កិច្ចពិភាក្សាផ្តោតលើអាទិភាពរួម និងមធ្យោបាយដើម្បីពង្រឹងកិច្ចសហការរ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញភាពជាដៃគូ ដើម្បីដោះស្រាយការប្រឈមជាសកល និងជំរុញវិបុលភាពទៅវិញទៅមក។

នៅព្រឹកថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូសក្លូសស្ទរ ប្រទេសស្វីស បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Jon M. Huntsman Jr អនុប្រធានក្រុមហ៊ុន និងជាប្រធានកំណើនជាយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន Mastercard International។

នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសក្តានុពលសម្រាប់ជំរុញកិច្ចសហការរវាងសាធារណៈ និងឯកជន ជាពិសេស ក្នុងអំឡុងពេលម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២៥។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញក្រុមហ៊ុន Mastercard ឱ្យចូលរួមក្នុងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ដើម្បីពង្រឹងអក្ខរកម្មផ្នែកហិរញ្ញវត្ថុ ហិរញ្ញវត្ថុបៃតង និងការតភ្ជាប់ការបង់ថ្លៃឆ្លងកាត់ព្រំដែននៅក្នុងតំបន់ ជាដើម។

នៅព្រឹកថ្ងៃពុធ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក José Manuel Ramos-Horta ប្រធានាធិបតីទីម័រខាងកើត។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាពីផ្តោតលើផែនទីចង្អុលផ្លូវរបស់ទីម័រខាងកើត ឆ្ពោះទៅរកសមាជិកពេញសិទ្ធិរបស់អាស៊ាន។ អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការគាំទ្រដំណើរការសមាហរណកម្មរបស់ទីម័រខាងកើត និងបានគូសបញ្ជាក់ពីសារៈសំខាន់នៃការធ្វើឱ្យស្របគ្នាជាមួយបំណងប្រាថ្នារួមសម្រាប់សាមគ្គីភាពតំបន់ និងវិបុលភាពរយៈពេលវែង។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Laurent Saint-Martin រដ្ឋមន្ត្រីពាណិជ្ជកម្មបរទេសបារាំង។ ក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងបារាំង ដោយរិះរកវិស័យសំខាន់ៗដែលមានប្រយោជន៍ទៅវិញទៅមក ក្នុងពាណិជ្ជកម្ម ការវិនិយោគ និងការអភិវឌ្ឍថ្នាក់តំបន់។

នៅរសៀលថ្ងៃពុធ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Jane Sun នាយកប្រតិបត្តិក្រុមហ៊ុន Trip.com។ កិច្ចពិភាក្សាបានផ្តោតលើការស្វែងរកឱកាសដ៏មានសក្តានុពល សម្រាប់កិច្ចសហការ រវាងអាស៊ាន ជាមួយក្រុមហ៊ុន ដោយភាគីទាំងពីរគូសបញ្ជាក់ពីផលប្រយោជន៍ទៅវិញទៅមកនៃការពង្រឹងទំនាក់ទំនង។ ក្រុមហ៊ុន Trip.com ក៏បានចែករំលែកពីចក្ខុវិស័យជាយុទ្ធសាស្ត្រ សម្រាប់យកតំបន់អាស៊ីអាគ្នេយ៍ ជាគោលដៅធ្វើដំណើរកំពូលក្នុងឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ដោយពង្រឹងបន្ថែមទៀតនូវទេសចរ និងកំណើនសេដ្ឋកិច្ចរបស់តំបន់។

នៅរសៀលថ្ងៃពុធ អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Faisal Ali Ibrahim រដ្ឋមន្ត្រីសេដ្ឋកិច្ច និងផែនការអារ៉ាប៊ីសាអូឌីត។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានស្វែងរកឱកាស និងវិស័យដែលមានសក្តានុពល សម្រាប់ពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយអារ៉ាប៊ីសាអូឌីត ដោយផ្តោតលើផលប្រយោជន៍ទៅវិញទៅមកដែលអាចសម្រេចបានតាមរយៈការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច និងទំនាក់ទំនងជាយុទ្ធសាស្ត្រ។

អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Deemah Al Yahya អគ្គលេខាធិការអង្គការសហប្រតិបត្តិការឌីជីថល (DCO)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរិះរកមធ្យោបាយសម្រាប់ កិច្ចសហការដើម្បីជំរុញរបៀបវារៈបរិវត្តកម្មឌីជីថល ទូទាំងតំបន់អាស៊ាន ដោយផ្តោតលើការប្រើប្រាស់នវានុវត្តន៍ឌីជីថលក្នុងការជំរុញកំណើនប្រកបដោយចីរភាព និងបរិយាប័្នន។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងពិធីជួបជុំក្រៅផ្លូវការរបស់មេដឹកនាំសេដ្ឋកិច្ចពិភពលោក។ នៅក្នុងកិច្ចពិភាក្សា អគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ាន ក្នុងការពង្រឹងសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ តាមរយៈកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដំណោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចខិតខំប្រឹងប្រែងនៅក្នុងក្របខណ្ឌ ដឹកនាំដោយអាស៊ាន ស្របពេលដែលពង្រឹងភាពជាដៃគូជាមួយសម្ព័ន្ធមិត្តខាងក្រៅដើម្បីវិបុលភាពទៅវិញទៅមក។

អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Cheong In-kyo រដ្ឋមន្ត្រីពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់សាធារណរដ្ឋកូរ៉េ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានរិះរកឱកាសដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការអាស៊ាន-សាធារណរដ្ឋកូរ៉េ ជាពិសេស ក្នុងវិស័យពាណិជ្ជកម្ម នវានុវត្តន៍ និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ កិច្ចប្រជុំក៏បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការកសាងអនាគតមួយដែលមានវិបុលភាព និងមានភាពធន់ទៅវិញទៅមក។ ភាគីទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហការ ជាពិសេស ក្នុងការពង្រឹងសេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចឌីជីថល ដើម្បីជំរុញភាពជោគជ័យនៅពេលខាងមុខ។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកស្រី Mirjana Spoljaric ប្រធានគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) ដើម្បីពិភាក្សាអំពីការប្រឈមផ្នែកមនុស្សធម៌ និងបានចែករំលែកទស្សនៈក្នុងគោលបំណងធ្វើឱ្យជំនួយមនុស្សធម៌កាន់តែប្រសើរឡើង។ កិច្ចពិភាក្សាក៏បានផ្តោតលើស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ព្រមទាំងការពង្រឹងកិច្ចសហការរវាងអាស៊ាន ជាមួយ ICRC ដោយគូសបញ្ជាក់ពីការជំរុញច្បាប់មនុស្សធម៌អន្តរជាតិ និងឆ្លើយតបនឹងអាទិភាពមនុស្សធម៌ថ្នាក់តំបន់។

អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Jared Cohen ប្រធានកិច្ចការសកលរបស់ក្រុមហ៊ុន Goldman Sachs។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើការពង្រឹងភាពធន់ក្នុងតំបន់អាស៊ាន តាមរយៈការធ្វើទំនើបកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្ម ទាក់ទាញការវិនិយោគបៃតង និងសម្របសម្រួលការផ្លាស់ប្តូរបៃតង នៅជុំវិញវិស័យសំខាន់ៗ ជាដើម។ កិច្ចពិភាក្សាក៏បានផ្តោតលើសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងសហការ ដើម្បីដោះស្រាយការប្រឈមជាសកល និងចាប់យកឱកាសសម្រាប់វិបុលភាពរយៈពេលវែង។

បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន CGTN។ នៅក្នុងឱកាសនោះ អគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីវិធីសាស្ត្របើកទូលាយ និងប្រកបដោយបរិយាប័្នន របស់អាស៊ាន ចំពោះពាណិជ្ជកម្ម ដោយផ្តោតលើគំនិតផ្តួចផ្តើមនានា ដូចជា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ជាដើម។

លោកក៏បានគូសបញ្ជាក់ពីភាពជាដៃគូប្រកបដោយតុល្យភាពរបស់អាស៊ានជាមួយសេដ្ឋកិច្ចសកលធំៗ និងបានសង្កត់ធ្ងន់ពីពិពិធកម្ម សម្រាប់ស្ថិរភាពរយៈពេលវែង។ លោកក៏បានជូនពរដល់ប្រជាជនអាស៊ាន និងចិន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខផងដែរ៕