(ភ្នំពេញ)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានថ្លែងថា ក្រសួងកសិកម្មបានប្រើប្រាស់ថវិកាអន្តរាគមន៍នៅក្នុងឆ្នាំ២០២៤ ចំនួន៤០លានដុល្លារ ក្នុងការថែរក្សាស្ថិរភាពស្រូវសែនក្រអូប ផ្ការំដួល ដែលជាពូជរបស់កម្ពុជា ប្រកបដោយប្រសិទ្ធភាពខ្ពស់ និងបានទម្លាក់ហិរញ្ញប្បទានជាច្រើនទៅកាន់រោងម៉ាស៊ីនដៃគូទូទាំងប្រទេស ដើម្បីប្រមូលទិញស្រូវពីប្រជាកសិករឱ្យបានទាន់អំឡុងពេលភ្ជុំបិណ្ឌ កាលពីឆ្នាំ២០២៤។
ការថ្លែងបែបនេះរបស់លោក បានធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទូទាំងប្រទេសឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥ ដែលរៀបចំក្រោមអធិបតី លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជាតំណាងរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានអ្នកចូលរួមចំនួនជិត ៤០០នាក់ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
បន្ថែមពីនេះ លោក បានបន្តថា ក្រសួងបានស្នើសុំឯកភាពពីរដ្ឋាភិបាល ដើម្បីបញ្ចេញកញ្ចប់ថវិកាពិសេសមួយទៀត ដើម្បីត្រៀមអន្តរគមន៍រក្សាលំនឹងទីផ្សារស្រូវពូជ OM សំដៅធ្វើឱ្យមានទីផ្សារល្អសម្រាប់កសិករ។ ការថ្លែងបែបនេះ គឺនៅក្នុងពិធីបិទ «សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តឆ្នាំ២០២៥» នៅថ្ងៃ២២ ខែមករា ឆ្នាំ២០២៥៕