(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើឱ្យក្រុមហ៊ុនទេសចរណ៍អន្តរជាតិ AGODA ជួយជំរុញលើកទឹកចិត្តភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន។

ការស្នើនេះធ្វើឡើងក្នុងជំនួបពិភាក្សាការងាររវាងលោករដ្ឋមន្ត្រី ហួត ហាក់ ជាមួយលោក Omri Morgenshtern នាយកប្រតិបត្តិក្រុមហ៊ុន AGODA នាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) នៅទីក្រុងចូហូរបារុ រដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី។

ជំនួបនេះផ្តោតសំខាន់លើការចែករំលែកព័ត៌មាន ទិន្នន័យទាក់ទងនឹងទីផ្សារគោលដៅ ការអភិវឌ្ឍទេសចរណ៍ឌីជីថល ការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជានៅលើកម្មវិធីរបស់ AGODA ដែលជាកម្មវិធីកក់សេវាកម្មទេសចរណ៍អនឡាញដ៏ល្បីល្បាញ និងការរៀបចំកញ្ចប់ទេសចរណ៍ និងការបញ្ចុះតម្លៃដ៏ទាក់ទាញនៅលើកម្មវិធីរបស់ AGODA ដើម្បីជំរុញលើកទឹកចិត្តទេសចរមកទស្សនាកម្ពុជា៕