(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងជំនួបជាមួយលោក HAE-GUK HWANG នាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) ក៏បានស្នើឱ្យអង្គការនេះជួយដល់កម្ពុជារៀបចំ «ភូមិទេសចរណ៍គំរូ» និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា។
ជំនួបពិភាក្សាការងារនេះធ្វើឡើងនាល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ (ATF 2025) នៅទីក្រុងចូហូរបារុ រដ្ឋចូហូរ ប្រទេសម៉ាឡេស៊ី។
តាមការឱ្យដឹងពីក្រសួងទេសចរណ៍ លោក ហួត ហាក់ និងនាយកប្រតិបត្តិប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិករបស់អង្គការ UNWTO បានពិភាក្សាលើ៖ ការចូលរួមរបស់អង្គការទេសចរណ៍សហប្រជាជាតិក្នុងការជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ចែករំលែកព័ត៌មាន និងទិន្នន័យទេសចរណ៍ គាំទ្រ និងសហការក្នុងការរៀបចំព្រឹត្តិការណ៍របស់អង្គការទេសចរណ៍សហប្រជាជាតិក្នុងប្រទេសកម្ពុជា ជួយដល់កម្ពុជាក្នុងការរៀបចំ «ភូមិទេសចរណ៍គំរូ» និងសហការគ្នាក្នុងការរៀបចំសិក្ខាសាលានិងកម្មវិធីបណ្តុះបណ្តាលនានាក្នុងឆ្នាំ២០២៥ និងឆ្នាំបន្តបន្ទាប់៕