Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្លន់ទៀតហើយនៅខណ្ឌឫស្សីកែវ! យុវជន២នាក់ ត្រូវជនល្មើសមួយក្រុមជិះម៉ូតូដេញតាមប្លន់ពីក្រោយ យកទៅបាត់

21-10-2016 07:19

(ភ្នំពេញ)៖ យុវជន២នាក់ ត្រូវជនល្មើសមួយក្រុមជិះម៉ូតូដេញ តាមប្លន់ពីក្រោយ ស្រាប់តែភ័យពេកបានដួលម៉ូតូ ក៏ត្រូវជនល្មើសជិះយកទៅបាត់។

ហេតុការណ៍នេះ បានកើតឡើងនាម៉ោង១៖១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវលេខ៥៩៨ ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះម្នាក់ឈ្មោះ យូហាន ស្នាក់នៅខណ្ឌព្រែកព្នៅ បានប្រាប់ថា មុនកើតហេតុ គឺរូបគេ និងមិត្តភក្តិម្នាក់ទៀត មកពីផឹកស៉ី ដោយជិះម៉ូតូមួយគ្រឿងម៉ាក MSX ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលត្រូវក្រុមចោរដេញប្លន់ យកទៅបាត់នោះ មកពីម្តុំទួលសង្កែ។

ជនរងគ្រោះបានបន្តទៀតថា ស្រាប់តែខ្លួន និងមិត្តភក្តិកំពុងតែជិះលើផ្លូវលេខ៥៩៨ ក្នុងគោលបំណងទៅផ្ទះ នៅឯព្រែកព្នៅនោះ ក៏មានជនល្មើសមួយក្រុមជិះម៉ូតូ ពីរគ្រឿងម៉ាក Dream125 តាមពីក្រោយឃើញដូចនោះ ជនរងគ្រោះទាំងពីរភ័យពេក ខំប្រឹងជិះម៉ូតូរត់តែជិះមកជិត ដល់ស្ថានីយ៍ទូរទស្សន៍ប៉ុស្តិ៍លេខ៣ បានដួលម៉ូតូក៏ធ្វើឲ្យក្រុមចោរដេញប្លន់ ទាំងនោះបានមកទាន់ ហើយក៏ដេញវាយជនរងគ្រោះទាំងពីរ រត់ចែកជើងគ្នាធ្វើឲ្យក្រុមប្លន់លើកយកម៉ូតូជនរងគ្រោះជិះចេញ ទៅបាត់ដោយសុវត្ថិភាព។

ក្រោយកើតហេតុជនរងគ្រោះទាំងពីរ បានត្រឹមតែទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍ទួលសង្កែ ទាំងសោកស្តាយម៉ូតូ ដែលក្រុមចោរប្លន់យកទៅ៕